កោះកុង# ក្នុងអំឡុងពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ចាប់ពីថ្ងៃទី ៣០ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ភ្ញៀវទេសចរជាតិ និង អន្តរជាតិបានចូលមកលំហែរកម្សាន្តសម្រាប់ខេត្តកោះកុងមានចំនួន ២០,៤៥៦ នាក់ ។
យោងតាមរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានបញ្ជាក់ថា÷ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៤-២០២៥ រយៈពេល ០៣ថ្ងៃ ដែលត្រូវនិងថ្ងៃទី៣០ ៣១ និងថ្ងៃ១ ខែមករា ឆ្នាំ២០២៥នេះ ចំនួនភ្ញៀវទេសចរជាតិដែលចូលមកស្នាក់នៅ នឹងកម្សាន្តក្នុងខេត្តកោះកុង មានចំនួន ២០,០៤១ នាក់ ហើយចុះ ៦,៧៨៩ នាក់ ស្មើនឹង ២៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ។
ដោយឡែកភ្ញៀវទេសចរអន្តរជាតិមានចំនួន ៤១៥ នាក់ កើនឡើង ១៨៥ នាក់ ស្មើនឹង ៨០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។
គួរបញ្ជាក់ថា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល រដ្ឋបាលខេត្តកោះកុង បានរៀបចំ នៅបរិវេណសួនច្បារមុខសាលាខេត្ត ដោយមានប្រគុំតន្ត្រី និងប្រកួតកីឡាគុណខ្មែរផងដែរ៕