រដ្ឋមន្ត្រី ថោង ខុន ចុះផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៣ អាណត្តិទី៥ ដល់សមាជិកបក្សនៅស្រុកបារាយណ៍ និងស្រុកតាំងគោក


(កំពង់ធំ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារគណបក្សចុះ ជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ បានចុះផ្សព្វផ្សាយ ខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៣ អាណត្តិទី៥ ដល់សមាជិក-សមាជិកា គណបក្សនៅស្រុកបារាយណ៍ និងស្រុកតាំងគោក និងបើកកិច្ចប្រជុំជីវភាពបក្សប្រចាំខែរបស់ស្រុក ទាំងពីរ។ នាឱកាសនោះលោក ទិត ចន្ថា អនុប្រធានក្រុមការងារ បានអានចំនុចសំខាន់ៗនៃ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបិទសន្និបាត គណៈកម្មាធិការកណ្ដាលលើក ទី៤៣ អាណត្តិទី៥ ជូនសមាជិក-សមាជិកាគណបក្សបានជ្រាប ដើម្បីជាស្មារតីអនុវត្តការងារបន្តទៅ មុខ។ បន្ទាប់មក ឯកឧត្តម ថោង ខុន ក៏បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំលឹកខួបលើកទី ៤៣ នៃទិវាជ័យជំនញ ៧ មករា។ ជាងនេះទៀត ឯកឧត្តម ថោង ខុន ក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការលៈបង់សាច់ស្រស់ ឈាមស្រស់ ជួយសង្ក្រោះប្រជា ពលរដ្ឋចេញពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ដែលគិតមកដល់ពេលនេះមានរយៈពេល ៤៣ឆ្នាំមកហើយ និងពលិកម្មដ៏ធំធេងរាប់មិនអស់របស់សម្តេចតេជោ ក្នុងការខិតខំបញ្ចប់សង្គ្រាមរាំ រ៉ៃផ្ទៃក្នុង តាមរយៈនយោបាយ ឈ្នះ ឈ្នះ រហូតធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពឯក ភាពទឹកដី និងមានការអភិវឌ្ឍនីរីកចំរើនលើគ្រប់វិស័យ។

ឯកឧត្តម ថោង ខុន ក៏បានប្រាប់ទៅសមាជិកបក្សទាំងអស់ផងដែរថា អង្គសន្និបាតគណៈកម្មាធិការ កណ្តាលបានបោះឆ្នោតគាំទ្រទាំងស្រុង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នា ពេលអនាគត។

បន្ថែមពីនេះ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ក៏បានណែនាំដល់ប្រធានគណបក្សស្រុកបារាយណ៍ និង ស្រុកតាំងគោក ត្រូវខិតខំគ្រប់គ្រងសមាជិកបក្សឱ្យបានទាំងអស់នៅក្នុងដៃ និងចុះផ្សព្វផ្សាយពីការ បោះឆ្នោត ឃុំ សង្កាត់ ឱ្យបានញឹកញាប់ដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាមួយនឹងការប្រមូលនូវ រាល់បញ្ហាដែលជាសំនូមពររបស់ពលរដ្ឋ និងខិតខំដោះស្រាយជូនឱ្យបានឆាប់រហ័ស និងល្អប្រសើរ បំផុត ដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមបោះឆ្នោតជូនគណបក្សប្រជាជន។

ខណៈមកដល់ពេលនេះរដូវប្រាំងបានឈានចូលមកដល់ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ក៏បានណែនាំ ឱ្យប្រធានគណបក្សស្រុកទាំងពីរ ត្រូវខិតខំចុះសិក្សាពិនិត្យលទ្ធភាព ជួយជួសជុល ឈូសឆាយផ្លូវបំ ពេញគ្រលុកក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋពលរដ្ឋ ក្នុងការ ធ្វើដំណើរ និងដឹកកសិផល ដែលពួកគាត់ ប្រមូលបាន យកទៅលក់ដល់ទីផ្សារ ដើម្បីបង្កើនជីវភាព ឱ្យកាន់តែប្រសើរឡើងផងដែរ៕