(បាងកក)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៧ ខែ មករា ឆ្នាំ២០២២ បញ្ជាក់ប្រាប់ថា ប្រទេសថៃនៅថ្ងៃសុក្រនេះ បានប្រកាសថា កម្មវិធីលើកលែងការ ធ្វើចត្តាឡីស័ក នឹងត្រូវបន្តផ្អាកបន្ថែមទៀត រួមជាមួយការចេញវិធានការរឹតត្បិតថ្មីៗ បន្ទាប់ពីករណី ឆ្លង COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ នៅតែមានការកើនឡើង ដោយសារជាប់ពាក់ព័ន្ធ នឹងវីរុសបំប្លែងថ្មី Omicron។
ដោយសារតែក្តីបារម្ភអំពី Omicron ថៃបានចាប់ផ្តើមផ្អាកកម្មវិធីលើកលែងការធ្វើចត្តាឡីស័ក ហៅថា Test & Go ចាប់តាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ មកម្ល៉េះ ហើយឥឡូវនឹងត្រូវបន្តផ្អាកទៀត។ ប៉ុន្តែចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ថៃនឹងលុបចោលវិញនូវ បម្រាមលើអ្នកដំណើរ មកពី ប្រទេសអាហ្រ្វិកចំនួន៨ ដែលកន្លងមកត្រូវបានចាត់ទុក ជាប្រទេសមានហានិភ័យខ្ពស់។
ជាមួយគ្នានេះ ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៅក្នុងប្រទេសផ្ទាល់ ការពិសាគ្រឿងស្រវឹងនៅតាម ភោជនីយដ្ឋាន នឹងត្រូវផ្អាកនៅក្រោយម៉ោង៩យប់ ក្នុងខេត្តចំនួន៨ រួមទាំងរាជធានីបាងកក ចាប់ពី ថ្ងៃអាទិត្យចុងសប្តាហ៍នេះ ហើយវានឹងត្រូវហាមឃាត់ទាំងស្រុងតែម្តង នៅតាមខេត្តចំនួន៦៩ ដទៃទៀតរបស់ប្រទេសថៃ។
នៅថ្ងៃសុក្រនេះ ថៃបានរាយការណ៍ពីករណីឆ្លង COVID-19 ចំនួន ៧,៥២៦នាក់បន្ថែមទៀត ដែល ជាតួលេខខ្ពស់បំផុត គិតចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២១ ហើយស្មើនឹងទ្វេដងបើធៀបជាមួយ តួលេខកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២នេះ។ អាជ្ញាធរសុខាភិបាលថៃបារម្ភថា បើបណ្តោយត ទៅទៀត ករណីឆ្លងអាចនឹងកើនដល់ខ្ទង់រាប់ម៉ឺននាក់ នៅត្រឹមចុងខែនេះជាមិនខាន។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ថៃក៏ទើបតែបង្កើនកម្រិតប្រកាសអាសន្នសម្រាប់ COVID-19 ទៅ ដល់កម្រិតខ្ពស់បំផុតទីពីរផងដែរ៕