(យូអិន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២អោយដឹងថា ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) នឹងរៀបចំកិច្ច ប្រជុំបិទទ្វារមួយ នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាអំពីការធ្វើតេស្តមីស៊ីលថ្មីរបស់កូរ៉េខាង ជើង ដែលត្រូវបានប្រទេសនេះអះអាងថា ជាប្រភេទ «មីស៊ីលលឿនជាងសំឡេង» (hypersonic missile)។
កិច្ចប្រជុំខាងលើនេះ ត្រូវបានស្នើឡើងដោយសមាជិកអចិន្ត្រៃយ៍នៃ UNSC ចំនួន ៣ ក្នុងចំណោម ៥ នោះគឺ សហរដ្ឋអាមេរិក, បារាំង និងចក្រភពអង់គ្លេស ព្រមទាំងសមាជិក UNSC ផ្សេងទៀត ដូចជា អៀរឡង់ និងអាល់បានីជាដើម នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅញូយ៉ក)។ ការស្នើនេះបានកើតមានឡើងតែ ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានប្រកាសថា ខ្លួន ទទួលបានជោគជ័យក្នុងការធ្វើតេស្ត មីស៊ីលមានល្បឿនលឿនជាងល្បឿនសំឡេងចំនួន ១គ្រាប់។
បើតាមមន្ត្រី UN ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងទៀតថា នឹងគ្មានសេចក្តីប្រកាស រួមណាមួយ ត្រូវបានគេរំពឹងថា អាចចេញនៅក្រោយកិច្ចប្រជុំ នៅថ្ងៃចន្ទខាងមុខនេះឡើយ ដោយវា នឹងអាចមានត្រឹមសេចក្តីថ្លែងការណ៍ប៉ុណ្ណោះ៕