(ម៉ានីល)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២ បញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បានព្រមាននៅព្រហស្បតិ៍សប្តាហ៍នេះថា អ្នកដែលមិនទាន់បានទទួលការចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 នឹងត្រូវចាប់់ខ្លួនប្រសិនបើពួកគេ មិនគោរពបទបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ ខណៈការឆ្លង រាតត្បាតវីរុសនេះ បានកើនឡើងដល់កម្រិតខ្ពស់វិញ នៅក្នុងប្រទេសដីកោះនេះ ដែលមិនធ្លាប់មាន ៣ខែមកហើយ។
នៅក្នុងការថ្លែងសារទៅកាន់ប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Duterte បានជំរុញ ឲ្យមេដឹកនាំសហគមន៍ទាំងអស់ នៃប្រទេសហ្វីលីពីន សម្លឹងមើលអ្នកដែលមិនទាន់ទទួលបាន ការ ចាក់វ៉ាក់សាំងបង្ការ COVID-19 ឲ្យបានដិតដល់បំផុត ហើយត្រូវប្រាកដថា ពួកគេទាំងនោះស្នាក់ នៅក្នុងផ្ទះ មិនចេញទៅក្រៅ។ បុរសខ្លាំងហ្វីលីពីនរូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើនរណាម្នាក់ ប្រឆាំងបទបញ្ជា ហើយនៅតែជម្នះចេញទៅក្រៅផ្ទះ ទាំងដែលខ្លួនមិនទាន់បានទទួលការចាក់វ៉ាក់ សាំងនោះ អាជ្ញាធរមានសមត្ថកិច្ច អាចចាប់ខ្លួនបុគ្គលនោះបាន។
សូមបញ្ជាក់ថា ចំណាត់ការក្តៅពីសំណាក់ប្រធានាធិបតីហ្វីលីពីនខាងលើនេះ បានកើតមានឡើង បន្ទាប់ពីករណីឆ្លង COVID-19 ត្រូវបានគេមើលឃើញថា កំពុងកើនឡើងវិញយ៉ាងគំហុក នៅលើ ប្រទេសដីកោះនេះ។ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមករា ឆ្នាំ២០២២ ប្រទេសហ្វីលីពីនបានប្រកាស រកឃើញករណីឆ្លងរហូតដល់ ១៧,២២០ករណី ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១៕