សម្តេចតេជោ ហ៊ុន សែនលើកឡើងថា ដំណើរទស្សនកិច្ចទៅមីយ៉ាន់ម៉ា នឹងមិនជជែកអ្វីលើស ពីគោលការណ៍៥ចំណុចរបស់អាស៊ាន


(ភ្នំពេញ)៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានអះអាងថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងវឹកវរ នៅចុងសប្តាហ៍នេះ នឹងមិនជជែកអ្វីលើសពីគោលការណ៍៥ចំណុចរបស់អាស៊ាន ដែលបានដាក់ ចេញក្នុងជំនួបកំពូលពិសេស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សម្រាប់សម្របសម្រួលដោះ ស្រាយ ជម្លោះ និងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំធ្លាប់និយាយហើយថា សូមកុំ ទុកចិត្តពេកលើ ប្រធានអាស៊ាន តែកុំអាល់បន្ទោសប្រធានអាស៊ានអី រង់ចាំមើល ខ្ញុំទៅហ្នឹងអត់មាន ឃ្លាតឆ្ងាយពីកុង សង់ស៊ីស៥ចំណុច ដែលបានឯកភាពគ្នានៅឯហ្សាកាតា កាលពីខែមេសា ឆ្នាំ២០២១ ប៉ុន្តែខ្ញុំមិន ដាក់លក្ខខណ្ឌទុកជាមុន ក្នុងដំណើររបស់ខ្ញុំទៅទេ ខ្ញុំទៅដល់ទើបខ្ញុំជជែក ហើយប្រធានបទ គឺកុងសង់ ស៊ីស៥ចំណុចហ្នឹងឯង»

តាមរយៈជំនួបកំពូលពិសេស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ អាស៊ានបានដាក់ចេញនូវគោល ការណ៍ចំនួន ៥ចំណុច ដែលក្នុងនោះមាន៣ចំណុច ត្រូវបានផ្តួចផ្តើមដោយសម្តេច ដើម្បីឆ្លើយតបទៅ នឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ គោលការណ៍ទាំងនេះរួមមាន៖

ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវ បង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។
ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែង រកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។
ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការ រៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។
ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។
ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគី ពាក់ព័ន្ធទាំងអស់។

សម្តេចតេជោ បានចោទជាសំណួរទៅកាន់ពលរដ្ឋមីយ៉ាន់ម៉ា តើអ្នកចង់ឱ្យ ប្រទេសធ្លាក់ចូលទៅក្នុង សង្គ្រាមស៊ីវិលពិតប្រាកដ ឬចង់ដោះស្រាយ? សម្តេចបានពន្យល់ថា ការ ដោះស្រាយនេះគឺតួនាទី ត្រូវបានផ្តល់មកឱ្យបណ្តាប្រទេសអាស៊ាន រាប់ទាំងមីយ៉ាន់ម៉ាខ្លួនឯងផង បានឯកភាព និងព្រមព្រៀង លើកុងសង់ស៊ី៥ចំណុច។ សម្តេចលើកឡើងថា ប្រទេសនានានៅក្រៅ តំបន់ ក៏មានការព្រមព្រៀង ក្នុងការផ្តល់តួនាទីនេះសម្រាប់អាស៊ានដែរ រាប់ទាំងការផ្តល់ជំនួយមនុស្ស ធម៌ថែមទៀត។

សម្តេចតេជោ បានបញ្ជាក់ថា៖ «ការដែលខ្ញុំទៅនេះ គោលបំណង់ខ្ញុំគ្មានផលប្រយោជន៍អ្វីទេ ប្រទេស កម្ពុជាតូចជាងប្រទេសមីយ៉ាន់ម៉ាច្រើនដង ហើយប្រជាជនតិចជាងមីយ៉ាន់ម៉ាច្រើនដង តែយើងចង់ ជួយសម្រួលសភាពការណ៍ទាំងឡាយ»

សម្តេចលើកឡើងបន្ថែមថា ប្រសិនបើការចរចាត្រូវអូសអន្លាយរយៈពេលយូរ សម្តេចអាចនឹងបន្តនៅ មីយ៉ាន់ម៉ា រហូតដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ តែម្តង។ សម្តេចបានដឹងថា ចំពោះបញ្ហាមីយ៉ាន់ ម៉ានេះ ក៏មានអ្នកចង់ដុតកម្លោចឱ្យផ្ទុះសង្គ្រាមស៊ីវិលផងដែរ។ សម្តេចបានលើកឡើងអំពីការដុតរូបរបស់សម្តេចដោយពលរដ្ឋមីយ៉ាន់ម៉ាមួយក្រុម ដើម្បីរារាំង ដំណើរទស្សនកិច្ចមិនឱ្យទៅកាន់មីយ៉ាន់ម៉ា។

សម្តេចបញ្ជាក់ថា «ប៉ុន្មាននាក់ទៅតំណាងឱ្យប្រជាជនមីយ៉ាន់ម៉ាននោះ ខ្ញុំក៏យល់ ប៉ុន្តែប្រសិនបើមាន សន្តិភាព និងការវិលត្រឡប់ទៅរកដំណើរការប្រជាធិបតេយ្យ នៅមីយ៉ាន់ម៉ា អ្នកនឹងទទួលបានផល ប្រយោជន៍ពីការខិតខំរបស់បណ្តារដ្ឋ ជាសមាជិកអាស៊ានជួយសម្រួល ប៉ុន្តែអ្វីៗវាស្ថិតនៅក្នុងដែន សមត្ថកិច្ចរបស់មីយ៉ាន់ម៉ា ឯយើងពីខាងក្រៅគ្រាន់តែជួយសម្រួលតែប៉ុណ្ណោះ»

សម្តេចតេជោ ហ៊ុន សែន បានសន្និដ្ឋានថា គ្រាប់បែកដែលបានបំផ្ទុះនៅក្បែរស្ថានទូតកម្ពុជា គឺត្រូវ បានដាក់ដោយក្រុមឧទ្ទាមនៅក្នុងព្រៃរបស់មីយ៉ាន់ម៉ា ដោយ១គ្រាប់បានដាក់នៅក្នុងស្ថានទូតខ្មែរ ប្រចាំនៅប្រទេសមីយ៉ាន់ម៉ាតែម្តង ប៉ុន្តែត្រូវបានរកឃើញ ហើយ២គ្រាប់ទៀត ត្រូវបានបំផ្ទុះនៅ ក្បែរស្ថានទូតកម្ពុជា។ សម្តេចបានចាត់ទុកថា៖ «សភាពការណ៍នៅមីយ៉ាន់ម៉ាវាមិនសាមញ្ញ ដូច្នេះ យើងក៏ត្រូវប្រើវិធានការមិនសាមញ្ញដែរ»

សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា បន្ទាប់ពីសម្តេចបានទៅកាន់មីយ៉ាន់ម៉ាហើយ នឹងមានបេសកជន របស់កម្ពុជា ដោយសម្តេចសំដៅទៅលើ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដែលត្រូវបានតែងតាំងជាប្រេសិតពិសេស ប្រធានអាស៊ានឆ្នាំ២០២២ នឹងទៅបន្តសម្របសម្រួលជាមួយមីយ៉ាន់ម៉ាថែមទៀត៕