ក្រសួងអប់រំ ជូនដំណឹងពីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងអនុញ្ញាតសិស្សកម្រិតមត្តេយ្យ ចូលសិក្សាឡើងវិញ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២


 (ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការ ការបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ និងការបើកដំណើរការបង្រៀន និងរៀននៅ កម្រិតមត្តេយ្យសិក្សា សម្រាប់កុមារចាប់ពីអាយុពី៣ឆ្នាំ ទៅអាយុក្រោម៦ឆ្នាំ និងកម្មវិធីអប់រំកុមារតូច គ្រប់រូបភាព។ សេចក្តីជូនដំណឹងបញ្ជាក់ថា ផ្អែកតាមស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននៅទូទាំងប្រទេស ដែលមានកម្រិតឆ្លងទាបបំផុត និងស្របតាមការប្រកាសបើក ដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី និងអនុវត្តតាមអនុសាសន៍​របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំដល់ គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅ និងគ្រឹះស្ថានមត្តេយ្យសិក្សា ព្រមទាំងកម្មវិធីអប់រំកុមារតូចគ្រប់រូប ភាព ត្រូវចាប់ផ្តើមទទួលការចុះឈ្មោះចូលរៀន និងដំណើរការបវេសនកាលឆ្នាំសិក្សា២០២១-២០២២ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ តទៅ។

ជាមួយគ្នានេះ ក្រសួងអប់រំ បានជំរុញឲ្យមានការផ្សព្វផ្សាយការសម្រេចនេះ ឱ្យបានទូលំទូលាយ ដល់គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅ, មត្តេយ្យសិក្សា និងកម្មវិធីអប់រំកុមារតូចគ្រប់រូបភាព ដើម្បី អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕