ឆ្នាំ២០២១ កម្ពុជានាំចេញអង្ករបានជាង៦១ម៉ឺនតោន ធ្លាក់ចុះ១០% ទទួលចំណូលជាង៥០០ លានដុល្លារ


 (ភ្នំពេញ)៖ ពេញមួយឆ្នាំ២០២១ កម្ពុជាទទួលបានចំណូលពីការនាំចេញអង្ករបានជាង ៥២៧ លានដុល្លារ ដោយបានបាននាំចេញនួន ៦១៧ ០៦៩តោន ថយចុះចំនួន ៧៣ ៧៦០តោន ឬស្មើនឹង១០.៦៨% បើធៀបនឹងបរិមាណនាំចេញ ក្នុងឆ្នាំ២០២០ ចំនួន ៦៩០ ៨២៩តោន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម។

របាយការណ៍បន្តថា បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២២ប្រទេស មានបរិមាណសរុបចំនួន ១៥៥ ៧៧៣តោន ថយចុះចំនួន ៤៨ ០១៨តោន ស្មើនឹង ២៣.៥៦% ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ៣០៩ ៧០៩តោន កើនឡើងចំនួន២ម៉ឺនតោនស្មើ នឹង៧% ទិសដៅអាស៊ានចំនួន ៧ប្រទេសមានបរិមាណ សរុបចំនួន ៦៣ ១៦៥តោន ថយចុះចំនួន ជាងម៉ឺនតោមន២ ម៉ឺនតោន ឬស្មើនឹង២៧.៣១% និងទិសដៅដទៃទៀតចំនួន២៤ប្រទេស មាន បរិមាណសរុប ៨៨ ៤២២តោន ថយចុះចំនួន ២ម៉ឺនតោន ស្មើនឹង ២០.១២% ។

ការនាំចេញអង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤៥៧ ៤១៥តោន ស្មើនឹង ៧៤.១៣% អង្ករសគ្រប់ ប្រភេទមានចំនួន ១៤៩ ០៨០តោន ស្មើនឹង ២៤.១៦% និងអង្ករចំហុយមានចំនួន ១០ ៥៧៤តោន ស្មើនឹង ១.៧១%។

ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៦២ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញ ដោយ ក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៤៥៦ ២២៣តោន ស្មើនឹង៧៣.៩៤% និងក្រុមហ៊ុន ៥២ដទៃទៀតបាននាំចេញត្រឹមតែ ១៦០ ៨៤៦តោន។

ដោយឡែកការនាំចេញស្រូវក្នុងឆ្នាំ២០២១នេះ មានចំនួន ៣ ៥២៧ ៤១៨ តោន ទៅកាន់ប្រទេស វៀតណាម ទទួលបានចំណូលជាង៦៣១ លានដុល្លារអាមេរិក ដែលមានការកើនឡើងចំនួន កើន ឡើងជាង១លានតោន ដែលស្មើនឹង៦១.១៦% បើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួនតែជាង២ លានតោន។

លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ កាលពី ពេលថ្មីៗនេះថា ដោយសារតែបញ្ហាដឹកជញ្ជូន និងកង្វះកុងតឺន័រ បានធ្វើឱ្យការនាំចេញអង្កររបស់ កម្ពុជា មានការថយចុះជាងឆ្នាំមុន តែយ៉ាងណាលោករំពឹងថា ក្រោយពេលការកំណត់យកពន្ធលើ អង្ករនាំចូល ពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប នឹងត្រូវបញ្ចប់នៅថ្ងៃទី២២ ខែមករាខាងមុខនេះ ធ្វើឱ្យ​ការនាំចេញអង្ករកម្ពុជាកើនឡើងវិញ នៅឆ្នាំ២០២២នេះ៕