(កោះកុង)៖ ថ្លែងនាឱកាសចុះត្រួតពិនិត្យទីតាំងដើម្បីរៀបចំពិធីបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ នាល្ងាច ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែង បញ្ជាក់ថា នៅក្នុងឆ្នាំ២០២២នេះ គម្រោងធំៗ ចំនួន៥ទៀត នឹងត្រូវបើកការដ្ឋានសាងសង់ រួមទាំង គម្រោង សាងសង់រួចចំនួន៤ និងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា សម្រាប់គម្រោងដែលនឹងចាប់ផ្តើមបើកការ ដ្ឋាននៅក្នុងឆ្នាំ២០២២ មានដូចជា៖ បើកការដ្ឋានពង្រីកផ្លូវពី ស្គុន-កំពង់ចាម ពង្រីកពី ២គន្លងទៅ ៤គន្លង, លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤១ ៣១ ៣៣ ពី DBST ទៅ AC និងបើកការដ្ឋាន ស្ពាននៅក្រចេះ ហើយគម្រោងទាំងនេះ បានសិក្សារួចហើយ និងបានចរចារតម្លៃចប់សព្វគ្រប់ រង់ចាំតែប្រាក់កម្ចីធ្លាក់មកពីប្រទេសចិន នឹងអាចបើកការដ្ឋានសាងសង់បាន។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល បានបញ្ជាក់ទៀតថា ចំពោះការម្ពោធនៅឆ្នាំ២០២២នេះ នឹងមានការសម្ពោធសមិទ្ធផលធំៗចំនួន៤ រួមមាន៖
* នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្ពោធផ្លូវជាតិលេខ៥ ពីកំណាត់ផ្លូវបាត់ដំបង-សេរីសោ ភ័ណ្ឌ រួមទាំងមានការសម្ពោធកំណាត់ផ្សេងៗទៀត។
សូមជម្រាបថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ)នេះ ចាប់ផ្តើមសាងសង់ចេញពីខេត្តបាត់ដំបង រហូតដល់ខេត្ត បន្ទាយមានជ័យ មានប្រវែងសរុប ៨៤.៧៤គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ១៤៣.០៤ លានដុល្លា រអាមេរិក។ គម្រោងស្ថាបនាកំណាត់ផ្លូវនេះត្រូវបានបែងចែក ជាពីរកញ្ចប់ក្នុងនោះ៖ កញ្ចប់ទី១៖ សាងសង់ដោយក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo JV មានប្រវែង ៤៦.២៧ គីឡូម៉ែត្រ ហើយកញ្ចប់ទី២៖ សាងសង់ដោយ ក្រុមហ៊ុន សម្ព័ន្ធក្រុមហ៊ុន Daiho-Asanuma JV មានប្រវែង ៣៨.៤៧គីឡូម៉ែត្រ និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC និង TANCONS ត្រូវបានសម្ភោធបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី២៦ មីនា ២០១៨។
* នៅក្នុងឆ្នាំ២០២២នេះ នឹងមានការបើកសម្ពោធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាបផងដែរ៕