(ភ្នំពេញ)៖នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ជាថ្ងៃទី១ នៃដំណើរការប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) ដែលមានបេក្ខជនប្រឡងជាង១១ម៉ឺននាក់ និងបន្ទប់ប្រឡង ៤,៦១៦ បន្ទប់ នៅតាមមណ្ឌលប្រឡង ក្នុងរាជធានីភ្នំពេញ ក៏ដូចនៅតាមបណ្តាខេត្ត ទូទាំងប្រទេស។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងបរិវេណវិទ្យាល័យព្រះសីសុវត្ថិ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានអះអាងថា ទោះបីជាដំណើរ ការ ប្រឡងបាក់ឌុបនៅឆ្នាំនេះ ក្នុងបរិបទកូវីដ-១៩យ៉ាងណាក្ដី ACU នៅតែបន្ដអនុវត្ដ ដូចការ ប្រឡងបាក់ឌុប នាពេលកន្លងមក។
ឯកឧត្តម ឃាង សេង អនុប្រធាន ACU បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់បញ្ជាក់ថា យើងគោរពគោ ល ការណ៍ ដូចការប្រឡងក្នុងក្របខណ្ឌ នាពេលកន្លងមក។ ទាំងការងារ ទាំងអ្នកអនុវត្ដច្បាប់ ជាពិសេ សក្រសួងអប់រំ ជាតួអង្គកណ្ដាល និងអ្នកចូលរួមទាំងអស់ ត្រូវតែទទួលបន្ទុកអនុវត្ដ ក្នុងបរិបទនេះ ត្រូវតែធ្វើដូចពីមុនៗដែរ»។
អនុប្រធាន ACU រូបនេះ បានឲ្យដឹងផងដែរថា តាមការសង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ តាំងពីដឹកវិញ្ញាសាចេញ តាំងពីថ្ងៃទី២៤ រហូតមកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ឃើញថា មានដំណើរការល្អ។
ឯកឧត្តម ឃាង សេង បានឲ្យដឹងទៀតថា មណ្ឌលនីមួយៗ និងតាមខេត្តនីមួយៗ មានរបាយការណ៍ ប្រចាំថ្ងៃ ដែលបញ្ជាក់អំពីការរក្សាទុក នូវហិបវិញ្ញាសានៅតាម ខេត្ដ-រាជធានី។ លោកថា «មកដល់ម៉ោងនេះ យើងមិនទាន់មានបាតុភាពណាមួយ មិនប្រក្រតីនោះទេ»។
ជាមួយគ្នានេះ ឯកឧត្តម ឃាង សេង បានបញ្ជាក់ថា អ្នកសង្កេតការណ៍អង្គភាពក្នុងមួយខេត្ដ ACU បញ្ជូនតែ៣រូបនោះទេ ដោយសរុបទាំងអស់ជាង៧៥នាក់ ប៉ុន្ដែ អង្គភាពប្រឆាំងអំពើពុករលួយមាន កម្លាំងសម្ងាត់ ដែលជួយគាំទ្រកម្លាំងជំហរ ដើម្បីប្រមូលព៌ត៌មានបន្ថែមទៀត។
ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានឲ្យដឹងថា ក្នុងដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ ស.ស.យ.ក បានចូល រួមផ្ដល់កម្មវិធីបំប៉ន់ ដល់សិស្សានុសិស្ស និងចូលរួមសង្កេតការណ៍ ក្នុងដំណើរការប្រឡងនេះ។
ឯកឧត្តម សាយ សំអាល់ បានបន្ថែមទៀតថា ចំពោះដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំ២០២១នេះ លោកជឿជាក់លើសិស្សានុសិស្ស និងជឿជាក់លើការរៀបចំ របស់ក្រសួង អប់រំ យុវជន និងកីឡា។
សូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២០-២០២១ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣ នាក់ ស្រី ៦០ ៣៩៧នាក់ ដោយមណ្ឌលប្រឡងមានចំនួនសរុប ២០៤ មណ្ឌលត្រូវជា ៤ ៦១៦ បន្ទប់។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់។
ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ បានពង្រឹងកិច្ចសហការយ៉ាងស្អិត រមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលមានដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជ អាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គីសនីកម្ពុជា និងក្រុម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ៕