(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែឆ្នូ ឆ្នាំ២០២១នេះ បានទទួលជំនួយរបស់ ក្រុមហ៊ុន VIATRIS ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការការពារទប់ស្កាត់ និងឆ្លើយតបការរាលដាលជំងឺកូវីដ១៩។ ពិធីនេះមានការចូលរួមដោយផ្ទាល់ពី ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោក Tejasvi Sharta ប្រធានក្រុមហ៊ុន ZP Therapeutics, Zuelling Prama Cambodia តំណាងក្រុមហ៊ុន VIAIRIS។
ក្រុមហ៊ុន VIATRIS បានផ្ដល់ឱសថ Favipiravir ប្រភេទថ្នាំគ្រាប់ (200mg) ចំនួន១,០០០ប្រអប់ ជូនក្រសួងសុខាភិបាល ហើយក្រសួងបែងចែកជូនមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ចំនួន៤០០ប្រអប់ មន្ទីរពេទ្យព្រះអង្គឌួង ចំនួន ៣០០ប្រអប់ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈចំនួន ៣០០ប្រអប់។
ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន VIATRIS ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីសុខាភិបាល ព្រមទាំងអ្នករង គ្រោះដោយជំងឺកូរីដ-១៩។
លោកដែលជាតំណាងក្រុមហ៊ុន បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និង ក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ការរាលដាល ជំងឺកូវីដ-១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល។ លើសពីនេះទៅទៀត លោកតំណាងក្រុមហ៊ុន ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ជនបរទេសទាំងអស់ដែលរស់នៅលើទឹកដីកម្ពុជា ដោយមិន គិតថ្លៃ រួមទាំងបុគ្គលិក របស់ក្រុមហ៊ុនផងដែរ។
ជាថ្មីម្តងទៀត ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន VIAIRIS ។ ឯកឧត្តម ចាត់ទុកថា នេះគឺជាកាយវិការនៃ វប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ ឈ្លាសវៃ និងប្រកបដោយគតិ បណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននឹងកំពុងខិតខំ ប្រឹងប្រែងរួមគ្នាដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតប ការរាលដាលនៃជំងឺកូវីដ-១៩ និងបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ៕