(សៀមរាប)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាលគោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពី «កិច្ចការពារ សិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស» នៅក្រុងសៀមរាប ខេត្តសៀមរាប។
ពិធីនេះបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា តំណាងលោករដ្ឋមន្ត្រី វង សូត និងមានការអញ្ជើញចូលរួមពីលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប, លោក គង់ សុភណារ៉ា ទីប្រឹក្សាក្រសួង ស.អ.យ, លោកស្រី ព្រុំ សុខន ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងសមាហរណកម្មជនរងគ្រោះ, លោក អោ ម៉ៅ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ណៃ ឈួន ប្រធានគម្រោង កម្មវិធីអូស្រ្តាលីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំកម្ពុជា។
តាងនាម ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកសូម សំដែងនូវក្តីរំភើបរីករាយដែលបានចូលរួមក្នុងពិធីបើក វគ្គបណ្តុះបណ្តាល គោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពី កិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស នាថ្ងៃនេះ។
នាឱកាសនោះដែរ ឯកឧត្តម រដ្ឋលេខាធិការ បានឱ្យដឹងថា អំពើជួញដូរមនុស្ស បាននឹងកំពុងកើត ឡើងគ្រប់ទីកន្លែងក្នុងរូបភាពភាគច្រើនជាឧក្រិដ្ឋកម្មឆ្លងដែន និងក្នុងប្រទេស ដែលមានអង្គការ ចាត់តាំង ហើយឧក្រិដ្ឋកម្មនេះបានជះឥទ្ធិពលជាអវិជ្ជមានដល់បុគ្គល គ្រួសារ និងសហគមន៍ ជាពិសេសទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក។
ឯកឧត្តម ញឹក វណ្ណារ៉ា បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងបង្កើត រៀបចំ ចងក្រង ផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយយុទ្ធសាស្រ្ត ផែនការ កិច្ចព្រមព្រៀងទ្វេភាគី និង ពហុភាគី និងយន្តការនានាសំដៅប្រយុទ្ធប្រឆាំង និងកាត់បន្ថយឱ្យបានជាអតិបរមានូវអំពើជួញ ដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្ស ទាំងក្នុងក្របខ័ណ្ឌជាតិ អនុតំបន់ តំបន់ និងលើពិភព លោក។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ដោយឡែកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែល បានទទួលអណត្តិពីរាជរដ្ឋាភិបាល ក្នុងការការពារ និងការ ផ្តល់សេវាគាំទ្រដល់ជនរងគ្រោះ ក្រសួង បានបំពេញការងារយ៉ាងសកម្ម និងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងកិច្ច ការពារជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ការងារកសាងគោលនយោបាយ ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ការពង្រឹងកិច្ច សហប្រតិបត្តិការ និងការបង្កើនភាពជាដៃគូ។ ទោះបីក្រសួងសម្រេចបានសមិទ្ធផលជាច្រើនយ៉ាងណាក៏ដោយ ក៏ការការពារជនរងគ្រោះដោយអំពើ ជួញដូរ មនុស្សនៅមិនទាន់បានឆ្លើយតបបានទាំងស្រុងនៅឡើយទេ ជាពិសេស ការផ្តល់សេវាគាំទ្រ សម្រាប់ជនរងគ្រោះនៅ មានកម្រិតនៅឡើយ។
បន្ទាប់ពីក្រសួងសង្គមកិច្ច បានដាក់ចេញនូវគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារ សិទ្ធិរបស់ ជនរងគ្រោះដោយអំពើជួញដូរមនុស្សនៅឆ្នាំ២០០៩ ក្រសួងបានធ្វើការផ្សព្វផ្សាយ និង បណ្តុះបណ្តាលជាច្រើនវគ្គ សម្រាប់អនុវត្តទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ សំដៅពង្រឹងសមត្ថ ភាពជំនាញរបស់មន្រ្តីទទួលបន្ទុកការងារសង្គមកិច្ចពាក់ព័ន្ធនានា ទាំងស្ថាប័នរដ្ឋាភិបាល និងអង្គការ ដៃគូអភិវឌ្ឍ ក្នុងការការពារ និងគាំទ្រដល់ជនរងគ្រោះប្រកបដោយសុវត្ថិភាព និងជាពិសេសធានា បាននូវសិទ្ធិជនរងគ្រោះទទួលបានផលប្រយោជន៍ពីលិខិតុបករណ៍ជាតិ ច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងទទួលបានសិទ្ធិអំណាច និងមានលទ្ធភាពធ្វើសមាហរណកម្មទៅក្នុងគ្រួសារ និងសហគមន៍ ដោយជោគជ័យជាស្ថាពរ ទទួលបានការឧបត្ថម្ភទាំងផ្នែកសម្ភារៈ និងស្មារតី ពិសេស សេវាសុខភាព សេវាអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលបាននូវកិច្ចការពារយ៉ាងល្អប្រសើរ ឆ្លងផុតពី ភាពរងគ្រោះសាជាថ្មី និងការរើសអើង។
វគ្គបណ្តុះបណ្តាល «គោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយ អំពើជួញដូរមនុស្ស» ត្រូវបានរៀបចំឡើងមានចំនួន២វគ្គ នៅក្នុងស្រុកកងមាស និងស្រុកកោះសុទិន ខេត្តកំពង់ចាម ក្នុងគោលបំណងផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗដល់អ្នកផ្តល់សេវាថ្នាក់ មូលដ្ឋាន ដែលជាអាជ្ញាធរមានសមត្ថកិច្ចក្នុងការជួយជនរងគ្រោះឲ្យទាន់ពេលវេលានៅក្នុងភូមិ ខ្លួនរបស់ខ្លួន៕