(យូអិន)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១បញ្ជាក់ថាមន្ត្រីអង្គការសហប្រជាជាតិម្នាក់ បានថ្លែងនៅថ្ងៃអាទិត្យ ទី២៦ ខែធ្នូថា ខ្លួនពិតជារន្ធត់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានដឹងអំពីរបាយការណ៍ដែលថា យ៉ាងហោចណាស់ជន ស៊ីវិលចំនួន ៣៥នាក់ត្រូវបានសម្លាប់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយទាមទារឱ្យរដ្ឋាភិបាល មីយ៉ាន់ម៉ា បើកការស៊ើបអង្កេតលើបញ្ហានេះ។
បុគ្គលិកធ្វើការស្ម័គ្រចិត្តចំនួន ០២នាក់នៅអង្គការសង្គ្រោះកុមារ (Save the Children) នៅតែបាត់ ខ្លួននៅឡើយ បន្ទាប់ពីរថយន្តរបស់ពួកគេ ស្ថិតក្នុងចំណោមរថយន្តជាច្រើន ដែលត្រូវបានវាយ ប្រហារ និងឆាបឆេះនៅក្នុងឧប្បតិ្តហេតុខាងលើ នៅរដ្ឋកាយ៉ាហ៍ (Kaya) ភាគខាងកើតប្រទេស មីយ៉ាន់ម៉ា។លោក ម៉ាទីន ហ្គ្រីហ្វហ្វីស (Martin Griffiths) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា «ខ្ញុំសូមធ្វើការ ថ្កោលទោសយ៉ាងខ្លាំង ចំពោះឧប្បត្តិហេតុដ៏សោកសៅខាងលើ និងរាល់ការវាយប្រហារលើជនស៊ីវិល នៅទូទាំងប្រទេសមីយ៉ាន់ម៉ា»។ លោក Martin Griffiths បានអំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាង ហ្មត់ចត់ និងតម្លាភាព។
កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ រូបភាពជាច្រើនបានលេចឡើង នៅលើប្រព័ន្ធបណ្តាញសង្គម ដែលបង្ហាញពីរថយន្តដែលឆាបឆេះអស់ចំនួន ០២គ្រឿង និងរថយន្តមួយគ្រឿងទៀត នៅលើផ្លូវ ហាយវេក្នុងទីក្រុង ព្រូសូ (Hpruso) រដ្ឋ Kayah ដោយមានសាកសពនៅខាងក្នុង។
ជុំវិញហេតុការណ៍ខាងលើនេះ សមាជិកនៃក្រុមកងកម្លាំងការពារប្រជាជន (PDF) ម្នាក់បាននិយាយ ថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានរកឃើញ យានជំនិះជាច្រើនគ្រឿង កាលពីព្រឹកថ្ងៃសៅរ៍ចុងសប្ដាហ៍ កន្លងទៅ បន្ទាប់ពីបានឮដំណឹងថា យោធាបានបញ្ឈប់យានជំនិះជាច្រើនគ្រឿង នៅក្នុងទីក្រុង Hpruso បន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយ ក្រុមអ្នកប្រយុទ្ធរបស់ខ្លួននៅក្បែរតំបន់នោះ កាលពីថ្ងៃសុក្រ សប្ដាហ៍មុខ។
សមាជិក PDF បានគូសបញ្ជាក់ប្រាប់ ទីភ្នាក់ងារសារព័ត៌មាន AFP ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញ ឈ្មោះថា «នៅពេលដែលយើងបានទៅពិនិត្យក្នុងតំបន់នោះ នៅព្រឹកនេះ យើងបានរកឃើញសាក សពដែលត្រូវបានដុតចោល នៅក្នុងឡានដឹកទំនិញចំនួន ០២គ្រឿង។ យើងបានរកឃើញសាកសពមនុស្សចំនួន ២៧នាក់ ខណៈសាកសពផ្សេងទៀត មិនទាន់បានរាប់ បញ្ចូលទេ»៕