អភិបាលខេត្តក្រចេះ ស្នើធនាគារ និងស្ថាប័ន្ថមីក្រូហិរញ្ញាវត្ថុ ពិនិត្យឲ្យបានច្បាស់លើឯកសារផ្តល់កម្ចី ការសងត្រឡប់មកវិញប្រកបដោយនីតិវិធី យោគយល់ ចរចា និងពន្យារពេលជូនប្រជាជចៀស វាង ការប៉ះពាល់លើទ្រព្យពួកគាត់

 (ក្រចេះ)៖ អភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន បានស្នើដល់ធនាគារ និងស្ថាប័ន្ថមីក្រូហិរញ្ញាវត្ថុ ទាំងអស់នៅក្នុងខេត្តសូមពិនិត្យតាមដានឲ្យបានម៉ត់ចត់ច្បាស់លាស់លើឯកសារពាក់ព័ន្ធលើការផ្តល់កម្ចី ការសងត្រឡប់មកវិញប្រកបដោយនីតិវិធី ការយោគយល់ ការចរចា និងពន្យារពេលជូន ប្រជាជនចៀសវាងការប៉ះពាល់លើទ្រព្យរបស់ពួកគាត់។

ការស្នើសុំនេះ ខណៈឯកឧត្តម វ៉ា ថន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ អនុញ្ញាតឲ្យមន្រ្តីធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ចូលជួបសំណេះសំណាលសំដែងការគួរសម។

ឯកឧត្តម វ៉ា ថន បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាបានទទួលរងឥទ្ធិពលពីការរីករាលដាលនៃ ជំងឺកូវីដ១៩ ដែលបានធ្វើឱ្យកំណើនសេដ្ឋកិច្ច ធ្លាក់ចុះដល់អត្រាទាបបំផុត បន្ទាប់ពីទទួលបាន កំណើនយ៉ាងខ្លាំង ក្នុងរយៈពេលពីរឆ្នាំ ចុងក្រោយនេះ។

ស្របជាមួយនឹងវិធានការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញធនាគារជាតិនៃកម្ពុជា បានគ្រប់ គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអំឡុងពេលនៃវិបត្តិសុខភាពពិភពលោកជំងឺកូវីដ-១៩ តាមរយៈការអនុវត្តនូវវិធានការ និងគោលនយោបាយផ្សេងៗដូចជា៖

*រក្សាស្ថិរភាពថ្លៃ អត្រាប្តូរប្រាក់ និងបង្កើនទុនបម្រុង
*អនុវត្តគោលនយោបាយរូបិយវត្ថុ ដើម្បីផ្តល់សន្ទនីយភាពដល់ប្រព័ន្ធធនាគារ និងគាំទ្រដល់សេដ្ឋ កិច្ចរូបវ័ន្ត
*ពង្រឹងស្ថិរភាពហិរញ្ញវត្ថុ តាមរយៈការត្រួតពិនិត្យធនាគារ ផ្អែកលើទស្សនៈអនាគត ព្រមទាំងការ ពង្រឹងការត្រួតពិនិត្យ និងវាយតម្លៃហានិភ័យជាដើម
*អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំគោលការណ៍ឥណទានឡើងវិញដើម្បីគាំទ្រ ដល់ប្រជាពលរដ្ឋ និងអាជីវកម្ម ដែលរងផលប៉ះពាល់ខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងលើកកម្ពស់ប្រព័ន្ធទូទាត់បែប contactless ដែលអាចជួយសម្រួល និងជំរុញសកម្មភាពសេដ្ឋកិច្ច ព្រមទាំងជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលជាមួយគ្នាផងដែរ។

ឯកឧត្តម បន្តទៀតថា វិស័យឯកជន និងប្រជាជនជាដៃគូរ និងកម្លាំង នៃការកសាងអភិវឌ្ឍន៍ប្រទេស ជាតិដែលមិនអាចខ្វះបាន ហើយការជោគជ័យនៃធនាគារអេស៊ីលីដា គឺជាគម្រូជោគជ័យដល់ស្ថាប័ន ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្នុងការផ្តល់កម្ចី ក្នុងការលើកស្ទួយនិងអភិវឌ្ឍន៍កម្រិតជីវភាព ប្រជាជន និងចូលរួមអភិវឌ្ឍន៍នូវវិស័យសេដ្ឋកិច្ចនៅកម្ពុជា ស្រមតាមគោលនយោបាយរបស់រាជ រដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល កម្ពុជា៕