ថៃ មានមនុស្ស ២,៤៣៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៨នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ


 (បាងកក)៖  តាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post អោយដឹងថា ក្រសួងសុខា ភិបាលថៃ នៅថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៤៣៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ២,៤១៩ករណី ត្រូវបានរកឃើញលើប្រជាជនទូទៅ ខណៈ ១៨ករណីទៀតត្រូវបានរកឃើញលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ ខាងលើ អ្នកជំងឺចំនួន ១៨នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៣,៨៤៥នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យ ចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួន ២,២១២,៤០៧ករណី ក្នុងនោះមានអ្នកស្លាប់ ២១,៥៩៨នាក់ និងអ្នកជា សះស្បើយឡើងវិញ ២,១៥៦,៣៧៣នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១០២.២៥លានដូស ក្នុងនោះប្រជាជន ៤៥.២៧លាននាក់ (៦៤.៧២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕