(ម៉ៃអាមី)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ ប្រាប់អោយដឹងថា អាជ្ញាធរអាមេរិក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បាន និងកំពុងតាមដានកប៉ាល់ដឹកអ្នកដំណើរជាច្រើនគ្រឿង ដែលមានជាប់ពាក់ព័ន្ធនឹងការផ្ទុះ ឡើងនូវ ករណីឆ្លង COVID-19 ហើយដោយក្នុងនោះមានកប៉ាល់ជាច្រើនត្រូវបានហាមមិនឱ្យចូលចតនៅ តាមកំពង់ផែក្នុងតំបន់ Caribbean តាមការគ្រោងទុកឡើយ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ មជ្ឈមណ្ឌលបង្ការ និងគ្រង់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) បានឱ្យដឹងថាកប៉ាល់ដឹកអ្នកដំណើរច្រើនជាង ៦០គ្រឿង កំពុងស្ថិត នៅក្រោមការតាមដាន និងត្រួតពិនិត្យ ក្រោយមានសេចក្ដីរាយការណ៍ពីការផ្ទុះឡើងនូវករណីឆ្លង COVID-19 ដែលតម្រូវឱ្យ CDC ត្រូវធ្វើការស៊ើបអង្កេត។
សូមបញ្ជាក់ថា បើតាមកាសែតអាមេរិក Washington Post កាលពីដើមសប្ដាហ៍មុន មនុស្ស ៥៥នាក់នៅលើកប៉ាល់ដឹកនាំដំណើរមួយឈ្មោះ Odyssey of the Seas ដែល ជាកម្មសិទ្ធរបស់ ក្រុមហ៊ុន Royal Caribbean ត្រូវបានធ្វើតេស្ដ «វិជ្ជមាន» COVID-19 ដែលបានឆ្លងរាលដាល នៅក្នុងចំណោមអ្នកដំណើរ និងសមាជិកនាវិក បើទោះជា ៩៥ភាគរយនៃអ្នកដំណើរទាំងអស់នៅ លើកប៉ាល់នេះបានចាក់វ៉ាក់សាំងគ្រប់ដូសរួចក៏ដោយ៕