(តូក្យូ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១ បញ្ជាក់ថា ជើងហោះហើរក្នុងស្រុកជាង១០០ជើង នៅក្នុងប្រទេសជប៉ុន ត្រូវបាន លុបចោលនាថ្ងៃអាទិត្យនេះ ដោយសារតែការធ្លាក់ព្រិលខ្លាំង នៅតំបន់ភាគខាងជើងនិងភាគខាង លិចនៃផ្ទៃប្រទេស។
ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA Holdings បានសម្រេចលុបចោលជើងហោះហើរសរុបចំនួន ៧៩ជើង គិតត្រឹមម៉ោង៤រសៀលថ្ងៃអាទិត្យនេះ ដែលវាប៉ះពាល់ដល់អ្នកដំណើរប្រមាណ ៥,១០០ នាក់។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ជប៉ុនមួយទៀតគឺ Japan Airlines បានលុបចោលជើងហោះ ហើរចំនួន៤៩ជើង គិតត្រឹមម៉ោងដូចគ្នា ដែលវាប៉ះពាល់ដល់អ្នកដំណើរ២,៤៦០នាក់។
សូមជម្រាបថា នៅទូទាំងពិភពលោកវិញ ជើងហោះហើររាប់ពាន់ជើង ក៏ត្រូវបានលុបចោលផងដែរ កំលុងបុណ្យគ្រីស្មាស់ចុងសប្តាហ៍នេះ ដោយសារក្តីបារម្ភអំពីការឆ្លងរីករាលដាលយ៉ាងរហ័ស នៃវីរុស COVID-19 បំប្លែងថ្មី Omicron៕