តុលាការសម្រេចឃុំខ្លួនមេចោរប្លន់ William Guang និងបក្ខពួក ពាក់ព័ន្ធករណីប្លន់នៅផ្ទះ អ៊ាន សៀវម៉ី


 (ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក យ៉ាន សុភាព បានចេញដីកាបង្គាប់ឲ្យនាំខ្លួនមេចោរប្លន់ William Guang និងបក្ខពួករបស់ខ្លួន ដែលពាក់ព័ន្ធករណីប្លន់នៅផ្ទះអ្នកលក់ឡេ អ៊ាន សៀវ យកទៅដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំទទួលការជំនុំជម្រះទោសនៅពេលក្រោយ។

ការសម្រេចឃុំខ្លួននេះ គឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការបានសម្រេចចោទប្រកាន់ជាផ្លូវការលើជនត្រូវចោទ William Guang និងបក្ខពួករបស់ខ្លួន ពាក់ព័ន្ធករណីប្លន់នៅផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ពីបទលួចមានស្ថានទម្ងន់ទោស បទសមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទក្លែងឯកសារសាធារណៈ តាមមាត្រា ២៩, មាត្រា ៣៥៣, មាត្រា ៣៥៧, មាត្រា ៤៩០ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ»។

សូមបញ្ជាក់ថា ករណីប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី កាលពីវេលាម៉ោង១០៖៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដែលក្រុមចោរមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងយកបានគ្រឿងពេជ្រទៅមួយចំនួន គេចខ្លួនបានត្រឹមតែមួយយប់ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបាន។

តាមចម្លើយរបស់ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ដែលជាមេក្លោង និងជាអ្នករៀបចំផែនការ បានបញ្ជាក់ថា សកម្មភាពចូលប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី នេះ គឺខ្លួនរៀបផែនការមុនតែមួយថ្ងៃទេ ដោយចេញធ្វើសកម្មភាពចំនួន៥នាក់ ខ្លួនជាអ្នកដឹកនាំផ្ទាល់តែម្តង មូលហេតុដែលនាំឲ្យខ្លួនសម្រេចចិត្តប្លន់គឺដោយសារ៖

* ទី១៖ សព្វថ្ងៃខ្លួនខ្វះខាតលុយកាក់ទ្រទ្រង់ជីវភាព និងបក្ខពួក ជាក់ស្តែងរថយន្តដែលខ្លួនជិះ គឺបង់រម្លស់មិនទាន់ដាច់នៅឡើយ ហើយផ្ទះដែលខ្លួនរស់នៅ គឺជួលក្នុងតម្លៃ២៥០០ដុល្លារក្នុង១ខែ ជំពាក់ឈ្នួលផ្ទះគេ២ខែហើយ ចំណែកស្នាក់ការបក្សចំនួន១៦ខេត្ត ក៏មិនមានប្រាក់បង់ឈ្នួលផ្ទះឲ្យគេ ព្រមទាំងជំពាក់បំណុល គេជុំទិសទៀតផង។

* ទី២៖ ខ្លួនមានទស្សនអ្នកក្រនិយម ជ្រិញពួកអ្នកមាន ឡាយតាម Facebook បង្អួតទ្រព្យសម្បត្តិ ដូចនេះក៏កើតចិត្តចង់ព្រមានដល់អ្នកមានមួយចំនួន ដែលមានចរិតបែបនេះ។ ឈ្មោះ William Guang បានសារភាពបន្តថា កន្លងមកពួកខ្លួនបានធ្វើសកម្មភាពប្លន់ចំនួន២លើក៖

* ទី១៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើសកម្មភាពប្លន់ម្ចាស់បុរីម៉នដានី នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ តែមិនបានសម្រេច ព្រោះនៅថ្ងៃធ្វើសកម្មភាពស្រាប់តែ ជនរងគ្រោះមិនបាននៅក្នុងឡានដែលពួកខ្លួនបានកាក់ប្លន់ ក៏ក្លែងធ្វើជាសួរនាំក្នុងនាមសមត្ថកិច្ច ហើយពេលនោះខ្លួនមិនបានចូលរួមទេ គឺឲ្យតែកូនចៅ៥នាក់ អាវុធវែង១ដើម អាវុធខ្លី២ដើម និងក្លែងឯកសណ្ឋានសមត្ថកិច្ចចុះទៅធ្វើសកម្មភាព។

* ទី២៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខ្លួនបានប្រើរូបភាពដូចលើកទី១ដែរ គឺក្លែងឯកសណ្ឋានសមត្ថកិច្ច និងក្លែងដីកាបង្គាប់ឲ្យនាំខ្លួនចុះទៅធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិនៅផ្ទះអ្នកលក់ឡេអនឡានឈ្មោះ អ៊ាន សៀវម៉ី បានសម្រេច ដោយប្រមូលបានគ្រឿងពេជ្រមួយចំនួន តែរំលងបានតែ១យប់ ក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាបដល់ផ្ទះ ដោយឃាត់ខ្លួនមនុស្សបានចំនួន១២នាក់ អាវុធវែងខ្លីចំនួន៥ដើមភ្លាមៗ និងគ្រឿងពេជ្រជាច្រើនឈុតត្រឡប់មកវិញ ក្រោយមកឆែកឃើញអាវុធ១ដើមទៀត លាក់នៅមាត់លូ សរុបដកហូតបានអាវុធ៦ដើម៕