ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន លើកឡើងថា កម្ពុជាអាចរក្សាបានល្អនូវលំនឹងជីវភាពប្រជាជន ព្រមទាំងធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខណៈថវិកាអន្តរាគមន៍ ១,០១៤លាន ដុល្លារ ត្រៀមសម្រាប់ឆ្នាំ២០២២


 (ភ្នំពេញ)៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តី ក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានគូសបញ្ជាក់ថា កម្ពុជា អាចរក្សាបានល្អ ជាទូទៅនូវលំនឹងជីវភាពប្រជាជន ព្រមទាំងធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជា ពិសេស គឺគ្រប់គ្រងបានជារួមនូវអតិផរណា និងស្ថិរភាពនៃអត្រាប្ដូរប្រាក់។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទ សន្និបាតបូកសរុបការងារ ពាណិជ្ជកម្ម ឆ្នាំ២០២១ និង លើកទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម ដែលរៀបចំធ្វើឡើង នាទីស្ដីការក្រសួង នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ (តាមប្រព័ន្ធវីដេអូ)។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើឡើងថា រាជរដ្ឋាភិបាល បានប្រើប្រាស់ថវិកា ប្រមាណ៨២៩លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ សម្រាប់អន្តរាគមន៍, ទាំងផ្នែកសុខាភិបាល, សង្គម និងសេដ្ឋកិច្ច, ហើយទំហំថវិកានេះ បានកើនឡើងរហូត ដល់ទៅប្រមាណ១,៤៥៤លាន ដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។ សម្រាប់ឆ្នាំ ២០២២, រាជរដ្ឋាភិបាលគ្រោង បន្តបញ្ចេញថវិកា អន្តរាគមន៍បន្ថែមទៀត ក្នុងទំហំប្រមាណ១,០១៤ លានដុល្លារអាមេរិក។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា «គិតជារួម, សម្រាប់រយៈពេល ៣ ឆ្នាំ (២០២០-២០២២), ធនធានថវិកាដែលយើងបញ្ចេញ គឺមានទំហំរហូតដល់ទៅ ប្រមាណ៣,៤០០ លានដុល្លារអាម៉េរិក។ ជាលទ្ធផល, កម្ពុជា អាចរក្សាបានល្អជាទូទៅ នូវលំនឹងជីវភាពប្រជាជន ព្រម ទាំងធានាបាន នូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាពិសេស គឺគ្រប់គ្រងបានជារួម នូវអតិផ រណា និង ស្ថិរភាពនៃអត្រាប្ដូរប្រាក់»

បន្ថែមពីនោះទៀត ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា ក្នុងឆ្នាំ្២០២១នេះ ទោះបី ជាជំងឺកូវីដ-១៩ បន្តឆ្លងរាលដាលនៅគ្រប់ប្រទេស និង បង្កភាពមិនប្រាកដប្រជាខ្ពស់ តាម រយៈ ការបំប្លែងខ្លួនជាប្រភេទវីរុសកូវីដ-១៩ ថ្មីៗក៏ដោយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាព ឈ្លាសវៃ និង ភាពបុរេសកម្ម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, រាជ រដ្ឋាភិ បាលកម្ពុជា អាចគ្រប់គ្រងសភាពការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស បាន ល្អប្រសើរ ធៀបនឹងប្រទេសនានា ក្នុងតំបន់ និង លើសកលលោក ពិសេស តាមរយៈការអនុវត្ត ប្រកបដោយប្រសិទ្ធភាព នូវយុទ្ធសាស្រ្តចាក់វ៉ាក់សាំង, វិធានការសុខាភិបាល, វិធានការអប់រំ និង វិធានការច្បាប់ផ្សេងៗទៀតជាច្រើន ដែលមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ការណ៍នេះ បានចូលរួមចំណែកយ៉ាង សំខាន់ ក្នុងការទប់ស្កាត់ និង ការកាត់បន្ថយការឆ្លង ព្រមទាំងក្នុងការ-ការពារ សុខុមាលភាព និង អាយុជីវិតរបស់ប្រជាជន។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាល ក៏បានដាក់ចេញ និងជំរុញអនុវត្តនូវកញ្ចប់ វិធានការអន្តរាគមន៍ ចំនួន១០ជុំ ជាបន្តបន្ទាប់ ក្នុងគោលបំណងទ្រទ្រង់ និងស្តារសកម្មភាពអាជីវកម្ម និងធុរកិច្ចឲ្យងើបឡើងវិញ និងជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរង គ្រោះផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ឈរលើមូលដ្ឋាននៃសមិទ្ធផល ដែលសម្រេចបាន ក្នុងឆ្នាំនេះ ជាពិសេស ការសម្រេចបាននូវអត្រា ការចាក់វ៉ាក់សាំងខ្ពស់ ដែលបង្កើតបាននូវ «ភាព ស៊ាំសហគមន៍» ដ៏រឹងមាំ, ការបិទបញ្ចប់នូវ «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» ក៏ដូចជាការ បើកប្រទេស និងការបើកសកម្មភាព សង្គម-សេដ្ឋកិច្ចក្នុងស្រុកពេញលេញឡើងវិញ; និង ការបន្ត កើនឡើងនូវតម្រូវការខាងក្រៅ។

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានធ្វើការវាយតម្លៃឡើងវិញកាលពីពេលថ្មីៗនេះថា កំណើនសេដ្ឋ កិច្ចកម្ពុជា សម្រាប់ឆ្នាំ ២០២១ នឹងអាចសម្រេចបាន ក្នុងអត្រាប្រមាណ ៣% ដែលប្រសើរជាងរំពឹង ទុក ក្នុងអត្រាប្រមាណ ២.៤% នៅក្នុងការវាយតម្លៃពីពាក់កណ្តាលឆ្នាំ។

ផ្អែកលើទិន្នន័យ១១ខែ នៃឆ្នាំ ២០២១, ការនាំចេញ (មិនរាប់បញ្ចូលការនាំចេញមាស) មានកំ ណើនរឹងមាំ ក្នុងអត្រា ២២.៦% បើប្រៀបធៀបនឹង -៣.២% សម្រាប់រយៈពេលដូចគ្នា នៃឆ្នាំ ២០២០ ខណៈដែលការនាំចូលទំនិញរបស់កម្ពុជា (មិនរាប់បញ្ចូលការនាំចូលមាស) បានកើនឡើង ២៥.៣% ធៀបនឹង -១១.២%។

ជាមួយនឹងវឌ្ឍនភាព និង និន្នាការជាវិជ្ជមានទាំងនេះ, កំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុង រយៈពេល មធ្យម ត្រូវបានព្យាករថា នឹងបន្តងើបឡើងវិញលឿន ដែលគាំទ្រដោយការរំពឹងទុក នៃការកើន ឡើងតម្រូវការសកល និង ទំនុកចិត្តរបស់វិនិយោគិនបរទេស ដោយសារការគ្រប់គ្រងបានល្អ នូវ ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩៕