(តូក្យូ)៖ កងទ័ពសហរដ្ឋអាមេរិក និងជប៉ុនបានរៀបចំសេចក្តីព្រាងផែនការមួយរួចហើយ ក្នុងការ ចេញប្រតិបត្តិការរួមគ្នាដែលអាចទៅរួច ដើម្បីជួយសង្គ្រោះកោះតៃវ៉ាន់ក្នុងគ្រាអាសន្ន ខណៈភាព តានតឹងរវាងកោះនេះ និងមហាយក្សចិនកំពុងវិវឌ្ឍកាន់តែក្តៅគគុក។ នេះបើតាមប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុន ដែលសុំមិនបញ្ចេញអត្តសញ្ញាណ ប្រាប់ទីភ្នាក់ងារសារ ព័ត៌មាន Kyodo នៅរសៀលថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១។
ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ ត្រឹមតែជាតំបន់មួយរបស់ខ្លួនប៉ុណ្ណោះ ដោយស្របទៅតាម ច្បាប់អន្តរជាតិ។ កន្លងមកនេះ ចិនត្រូវបានគេមើលឃើញថា បានប្រើប្រាស់មធ្យោបាយទាំងក្តៅផង និងត្រជាក់ផង ដើម្បីកៀរគរកោះតៃវ៉ាន់ ឲ្យមករួមរស់ជាមួយខ្លួនវិញដោយសន្តិវិធី ហើយបានចោទ ប្រកាន់បក្សកាន់អំណាច របស់លោកស្រី ត្សៃ អ៊ីងវិន បច្ចុប្បន្ននេះថា កំពុងបង្កប់ចេតនាចង់បាន ឯករាជ្យ តាមរយៈការគប់គិតជាមួយកងកម្លាំងបរទេស ដែលទីក្រុងប៉េកាំងគ្មានថ្ងៃអនុញ្ញាតឲ្យរឿង នេះ កើតមានឡើងជាដាច់ខាត។
បើតាមប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុនខាងលើនេះ កងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងបង្កើតមូល ដ្ឋានបណ្តោះអាសន្នមួយ នៅលើកោះ ណានសេអ៊ិ (Nansei) ដែលជាប្រជុំកោះក្រវាត់របស់កោះធំ គ្យូស៊ុ (Kyushu) នៃភាគនិរតីប្រទេសជប៉ុន។ Kyushu គឺជាកោះធំបំផុតមួយក្នុងចំណោមកោះធំៗ ទាំង ៤ របស់ប្រទេសជប៉ុន ដែលងាយស្រួលជាងគេក្នុងការចេញប្រតិបត្តិការយោធា នៅពេល កោះតៃវ៉ាន់ជួបគ្រោះអាសន្ន។
ប្រភពដដែលបានបន្តទៀតថា កងកម្លាំងនៃប្រទេសជប៉ុន នឹងងាយស្រួលក្នុងការផ្តល់ជំនួយដូចជា សព្វាវុធ និងឥន្ធនៈជាដើម។ យ៉ាងណាក៏ ទាំងនេះត្រឹមតែជាសេចក្តីព្រាងប៉ុណ្ណោះ ដោយយោធា សហរដ្ឋអាមេរិក និងជប៉ុន នឹងត្រូវជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំ «២+២» ដើម្បីពិភាក្សា និងចុះហត្ថ លេខាសម្រេច នៅដើមឆ្នាំ២០២២ ខាងមុខនេះ ដែលអាចនឹងមានការចូលរួមដោយ រដ្ឋមន្ត្រីការ ពារជាតិ និងរដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរ៕