(ដាក្កា)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ ២០២១ អោយដឹងថា មនុស្សយ៉ាងហោច៣២នាក់ បានបាត់បង់ជីវិត នៅពេលសាឡាងមួយគ្រឿង ផ្ទុកមនុស្ស យ៉ាងណែនកកកុញ ត្រូវបានភ្លើងឆាបឆេះ នៅភាគខាងត្បូងនៃប្រទេសបង់ក្លាដែស នាថ្ងៃសុក្រនេះ។
ឧប្បត្តិហេតុខាងលើ បានកើតឡើងកាលពីវេលាមុនទាបភ្លឺថ្ងៃសុក្រនេះ ក្បែរក្រុង ចាឡូកាទី (Jhalokathi) នៅភាគខាងត្បូងបង់ក្លាដែស ហើយសាឡាងដែលត្រូវអគ្គីភ័យឆាបឆេះនោះដឹក មនុស្សរហូតដល់ទៅខ្ទង់៥០០នាក់ឯណោះ។ ប៉ូលិសប្រចាំតំបន់កើតហេតុ បានប្រាប់ថា សាងឡាង អូបហ៉ីចាន់១០ (Obhijan 10) ដែលមានកម្ពស់៣ជាន់ ត្រូវបានភ្លើងឆេះនៅកណ្តាលទន្លេ ហើយ ប្រភពអគ្គីភ័យ ត្រូវបានជឿថា រាលដាលចេញមកពីបន្ទប់ម៉ាស៉ីន។
សូមបញ្ជាក់ថា សាកសពមនុស្ស៣២នាក់ហើយ ត្រូវបានរកឃើញ ដោយពួកគេភាគច្រើនស្លាប់ក្នុង គ្រោះអគ្គីភ័យផ្ទាល់ និងមួយចំនួនស្លាប់ដោយសារលង់ទឹក ក្រោយព្យាយាមលោតចេញពីសាឡាង។ តួលេខអ្នកស្លាប់ ត្រូវគេអះអាងថា អាចនឹងកើនថែមទៀត ខណៈអ្នករងរបួសប្រហែល១០០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕