ជើងហោះហើរជាង ២,០០០ជើងទូទាំងពិភពលោក ត្រូវបានលុបចោលដោយសារ «អូមីក្រុង»

 (ញូយ៉ក)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១បានអោយដឹងថា ទិន្នន័យពីអន្តរជាតិបានឲ្យដឹងថា ជើងហោះហើរសរុប ២,១១៨ជើង ត្រូវបានលុបចោល និងជាង ៥,៧០០ជើងទៀតត្រូវបានពន្យារពេល នៅទូទាំងពិភពលោក ដោយ សារតែការរាតត្បាតនៃវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron)។

ទិន្នន័យខាងលើនេះ គឺទទួលបានមកពីវែបសាយជំនាញ ខាងតាមដានជើងហោះហើរ  «Flightaware.com» ដែលបានកត់ត្រាទិន្នន័យចុងក្រោយ ត្រឹមយប់ថ្ងៃសុក្រសប្តាហ៍នេះ។ នៅក្នុងចំណោមជើងហោះហើរជាង ២,០០០ជើង ដែលត្រូវបានលុបចោលនោះ ៥០០ជើងត្រូវបាន គេដឹងថា មានគោលដៅទៅកាន់សហរដ្ឋអាមេរិក។

បើតាមក្រុមហ៊ុនអាកាសចរណ៍ លូហ្វថាន់សា (Lufthansa), ដែលតា (Delta), យូណៃធីដ អ៊ែរ ឡាញ (United Airlines) និងអាកាសចរណ៍អន្តរជាតិជាច្រើនទៀត បានគូសបញ្ជាក់ស្រដៀង ៗគ្នាថា មូលហេតុនៃការលុបចោលជើងហោះហើរនោះ ក៏ព្រោះតែបុគ្គលិកបម្រើការលើ យន្តហោះ របស់ពួកគេ ខ្លះបានធ្លាក់ខ្លួនឈឺ និងខ្លះទៀតត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ក្រោយពីបានជាប់ ពាក់ព័ន្ធនឹងអ្នកជំងឺ COVID-19៕