(ភ្នំពេញ)៖ លោក ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម អញ្ជើញចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រះបរមរាជវាំង នៅវេលា ម៉ោង៩៖៤៣នាទី ព្រឹកថ្ងៃ២១ ខែធ្នូ ឆ្នាំ២០២១នេះ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា ដើម្បី បំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃ នាថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១។
ប្រធានាធិបតីវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេសកម្ពុជា នៅម៉ោង៨៖៣០ នាទីព្រឹកថ្ងៃអង្គារនេះ។ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ លោក ង្វៀន សួនហ៊្វុក មានកម្មវិធីចូល ក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ហើយបន្តចូលគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
លោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក ក៏មានចូលថ្វាយបង្គំគាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងកន្ត្រក ផ្កានៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
លោក ង្វៀន សួនហ៊្វុក នឹងមានជំនួបដោយឡែកពីគ្នា ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោកប្រធានរដ្ឋ នឹងអញ្ជើញធ្វើជាអធិបតីជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងពិធី បញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលថ្មីនៅក្នុងវិមានរដ្ឋសភា និងជាមួយសម្តេចតេជោនាយក រដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនផងដែរ៕