(តូក្យូ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១ អោយដឹងថា សភាជប៉ុននៅថ្ងៃចន្ទនេះ បានអនុម័តកញ្ចប់ថវិកាបន្ថែមលើកទី១ សម្រាប់ឆ្នាំ សារពើពន្ធ២០២១ ដែលមានទំហំធំបំផុតពុំធ្លាប់មាន គឺ៣១៧ពាន់លានដុល្លារ ដើម្បីជួយសេដ្ឋកិច្ច ជាតិទប់ទល់នឹង ផលវិបាកដែលបង្កឡើងដោយវិបត្តិជំងឺរាតត្បាតសកល COVID-19។
កញ្ចប់ថវិកាទំហំ៣៦ទ្រីលានយេន (៣១៧ពាន់លានដុល្លារ) ខាងលើ បែងចែកនូវថវិកាសម្រាប់ ដោះស្រាយការឆ្លងរាតត្បាត COVID-19 ដូចជា ការយកទៅទិញវ៉ាក់សាំងនិងឱសថ ហើយវា ក៏រួមមាន ការផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារខ្វះខាត ព្រមទាំងថវិកាសម្រាប់លើកកម្ពស់ វិស័យទេស ចរណ៍ផងដែរ។
នេះគឺជាកញ្ចប់ថវិកាបន្ថែមធំបំផុត ដែលរដ្ឋាភិបាលក៏ដូចជាសភាជប៉ុនបានអនុម័ត។ កាលពីឆ្នាំ សារពើពន្ធកន្លងទៅ រដ្ឋាភិបាលជប៉ុន បានចេញកញ្ចប់ថវិកាបន្ថែមចំនួន៣។ រដ្ឋាភិបាលជប៉ុននឹងបញ្ចេញមូលបត្របំណុលប្រមាណ ២២ទ្រីលានយេន ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ដើម្បីយកទៅផ្គត់ផ្គង់កញ្ចប់ថវិកាបន្ថែមថ្មីនេះ។
គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ជប៉ុនក៏នឹងរៀបចំសំណើកញ្ចប់ថវិកាប្រចាំឆ្នាំ សម្រាប់ឆ្នាំសារពើពន្ធ បន្ទាប់ផងដែរ ដែលវានឹងរ៉ាប់រងទៅលើការចំណាយរបស់រដ្ឋាភិបាល សម្រាប់រយៈពេលសរុប ១៦ខែ៕