រដ្ឋាភិបាលកម្ពុជា ចែករំលែកការងារអាទិភាពចំនួន៥ ទាក់ទងនឹងការកៀរគរធនធាន ដើម្បីសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ២០៣០ ក្នុងបរិបទនៃជំងឺកូវីដ១៩


 (ភ្នំពេញ)៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជាបានចែករំលែក ការងារអាទិភាពចំនួន៥ ទាក់ទងនឹងការកៀរគរធនធានដែលរាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្ត ដើម្បីសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ២០៣០ ក្នុងបរិបទនៃជំងឺកូវីដ១៩ ។

ការឱ្យដឹងបែបនេះ របស់ទេសរដ្ឋមន្រ្តី លី ធុជ បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការកៀរគរធនធានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» ដែលរៀបចំដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គម កិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហិ្វក នៃអង្គការសហប្រជាជាតិ (UN ESCAP) ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដោយតាមការចូលរួមពីទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និង តំណាងរដ្ឋាភិបាលមកពី៤៥ប្រទេស ក្នុងតំបន់អាស៊ី និងប៉ាស៊ីហិ្វក តាមរយៈប្រព័ន្ធអនឡាញ។

សិក្ខាសាលានេះ មានគោលបំណងប្រមូលផ្តុំអ្នកជំនាញ និងអ្នកតាក់តែងគោលនយោបាយមកពី ប្រទេសដែលមានការអភិវឌ្ឍតិចតួច និងរដ្ឋដែនកោះដែលកំពុងអភិវឌ្ឍ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ពិភាក្សាអំពីការកៀរគរធនធាន ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចែក រំលែកបទពិសោធន៍ ក្នុងកិច្ចខិតខំប្រឹងប្រែងកៀរគរធនធាន ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

ការងារអាទិភាពទាំង៥ចំណុចនោះរួមមាន៖

ទី១៖ ប្រែក្លាយការគំរាមកំហែងនៃការរីករាលដាលនៃជំងឺកូវីដ១៩ ឱ្យទៅជាឱកាសសម្រាប់កំ ណែទម្រង់ក្នុងស្រុកនៅរបស់ប្រទេសនីមួយៗ ដើម្បីពង្រឹងការប្រកួតប្រជែងសេដ្ឋកិច្ច ការបង្កើត បរិយាកាសអំណោយផលសម្រាប់អាជីវកម្ម និងពង្រឹងការប្រមូលចំណូលរបស់រាជរដ្ឋាភិបាល។

ទី២៖ លើកកម្ពស់គោលនយោបាយពាណិជ្ជកម្ម និងការសម្របសម្រួលពាណិជ្ជកម្ម ក៏ដូចជាការ ផ្តល់ការអនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីធានាថាអត្ថប្រយោជន៍ពីសកលភាវូបនីយកម្មត្រូវបានចែករំលែកដោយសមធម៌ តម្លាភាព និងប្រសិទ្ធភាព។

ទី៣៖ បន្តពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ពិពិធកម្ម និងនវានុវត្តន៍ ក៏ដូចជា លើកកម្ពស់តួនាទី និងថាមវន្ត របស់វិស័យឯកជន ក្នុងការបំពេញតម្រូវការហិរញ្ញប្បទាន ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដោយផ្តល់នូវការលើកទឹកចិត្តក្នុងគោលបំណងជំរុញការវិនិយោគឯកជន និង លំហូរទុនទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសការជំរុញការវិនិយោគដោយផ្ទាល់ពីបរទេស និងយន្តការភាពជាដៃគូសារដ្ឋ និងឯកជន។

ទី៤៖ ធានាបន្តជំនួយអន្តរជាតិ ជាពិសេសជំនួយហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍ សំដៅឆ្ពោះ ទៅរកនិរន្តរភាពនៃសន្ទុះក្នុងកំណែទម្រង់ សម្រាប់របៀបវារៈឆ្នាំ ២០៣០។

ទី៥៖ បន្តពង្រឹងភាពជាម្ចាស់នៃប្រទេសកំពុងអភិវឌ្ឍន៍ដោយការកសាងភាពជាដៃគូរវាងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលរួមទាំង ទ្វេភាគី ពហុភាគី វិស័យឯកជន និងវិស័យផ្សេងៗទៀត។ លើសពីនេះ យើងត្រូវតែធានាឱ្យមានតម្លាភាព និងគណនេយ្យភាពរវាងគោលនយោបាយរបស់ដៃគូអភិវឌ្ឍន៍ ទាំងទ្វេភាគី និងពហុភាគី។

បន្ថែមពីនេះ ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណដល់សមាសភាពចូលរួមដែលមកពីប្រទេស នានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្ចិក និងដល់ UN ESCAP ដែលបានរៀបចំសិក្ខាសាលានេះ និងតែង តែគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។

ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមជាមួយបណ្តា ប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍន៍នានា ក្នុងកិច្ចប្រឹងប្រែងកៀគរធនធាន និងស្តារឡើងវិញនូវស្ថាន ភាពសេដ្ឋកិច្ច-សង្គម ដើម្បីបន្តសម្រេចឲ្យបាននូវចក្ខុវិស័យរួមគ្នាក្នុងការអភិវឌ្ឍប្រកបដោចីរភាព៕