(យូអិន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ ២០២១ គឺ រុស្ស៊ី នៅថ្ងៃចន្ទសប្ដាហ៍នេះ បានបោះឆ្នោតវេតូ (Veto) ចំពោះដំណោះស្រាយរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលលើកឡើងថា ការប្រែប្រួលអាកាសធាតុ ជាការ គំរាមកំហែងសន្តិសុខពិភពលោកខណៈដំណោះស្រាយនេះត្រូវបានគាំទ្រដោយរដ្ឋសមាជិកភាគច្រើននៃអង្គការសហប្រជាជាតិ (UN)។
សេចក្តីព្រាងដំណោះស្រាយ ដែលគាំទ្រយ៉ាងពេញទំហឹងដោយប្រទេសនីហ្សេរីយ៉ា និងអៀរឡង់ បានអំពាវនាវដល់អគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គូធឺរែស (Antonio Guterres) ឱ្យ «រួមបញ្ចូលហានិភ័យសន្តិសុខដែលទាក់ទងនឹងអាកាសធាតុជាធាតុផ្សំកណ្តាលចូលទៅក្នុងយុទ្ធសាស្ត្រការពារជម្លោះដ៏ទូលំទូលាយ»។
សេចក្តីព្រាងដំណោះស្រាយនេះ ក៏បានអំពាវនាវឱ្យប្រធាន UN រាយការណ៍ក្នុងរយៈពេល ០២ឆ្នាំ «អំពីផលប៉ះពាល់សន្តិសុខ» នៃការប្រែប្រួលអាកាសធាតុលើបញ្ហា ដែលត្រូវបានដោះស្រាយដោយ ក្រុមប្រឹក្សាសន្តិសុខហើយបានស្វែងរកអនុសាសន៍អំពីរបៀបដែលហានិភ័យទាំងនេះអាចត្រូវបានដោះស្រាយ។ អត្ថបទនេះបានទទួល ការគាំទ្រពីប្រទេសជាសមាជិកចំនួន ១២ ក្នុងចំណោម សមាជិកចំនួន ១៥ នៃក្រុមប្រឹក្សាសន្តិសុខ។
រុស្ស៉ី បានបោះឆ្នោតវេតូ ខណៈប្រទេសចិន បានបោះឆ្នោតអនុបវាទ ហើយប្រទេសឥណ្ឌា បានបោះ ឆ្នោតប្រឆាំង ដោយលើកហេតុផលថា ការឡើងកម្ដៅផែនដី គឺជាបញ្ហាចម្បងដែលទាក់ទងនឹងការ អភិវឌ្ឍន៍សេដ្ឋកិច្ច ជាជាងសន្តិសុខអន្តរជាតិ។
ជុំវិញបញ្ហានេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ UN លោកស្រី លីនដា ថូម៉ាស់ ហ្គ្រីនហ្វៀល (Linda Thomas-Greenfield) បានសង្កត់ធ្ងន់ថា «គ្មានហេតុផលណាមួយ» សម្រាប់ការបោះឆ្នោត វេតូរបស់ទីក្រុងម៉ូស្គូនោះទេ ព្រោះថា «វិបត្តិអាកាសធាតុគឺជាវិបត្តិសន្តិសុខ»។
ចំណែកឯ លោកស្រី Geraldine Byrne Nelson បេសកជន UN នៃប្រទេសអៀរឡង់ ក៏បានលើក ឡើងនៅថ្ងៃចន្ទសប្ដាហ៍នេះមុនការបោះឆ្នោតដែរថាដំណោះស្រាយ នេះគ្រាន់តែជា «ជំហានដំបូង តិចតួចប៉ុណ្ណោះ។ យើងត្រូវយល់ឱ្យកាន់តែច្បាស់រវាងសន្តិសុខ និងការប្រែប្រួលអាកាសធាតុ។ យើងត្រូវមើលវាជាសកល»។
សមភាគីរបស់លោកស្រី មកពីប្រទេសនីហ្សេរីយ៉ា លោក Abdou Abarry បានហៅការបោះឆ្នោត វេតូ ចំពោះសេចក្តីព្រាងដំណោះស្រាយនេះថាជា «ការមើលឃើញខ្លី» តែប៉ុណ្ណោះ៕