ឥណ្ឌូណេស៊ីចេញសារព្រមានពី «រលកយក្សស៊ូណាមិ» ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ «៧.៥រ៉ិចទ័រ» វាយប្រហារភាគអាគ្នេយ៍

 (ហ្សាការតា)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា អាជ្ញាធរឧតុនិយមនៃ ប្រទេសឥណ្ឌូណេស៊ី នៅមុននេះបន្តិច បានចេញសេចក្តីព្រមាន អំពីការកើតមានរលកយក្សស៊ូណាមិ បន្ទាប់ពីគ្រោះធម្មជាតិរញ្ជួយផែន ដីកម្រិតធ្ងន់ «៧.៥រ៉ិចទ័រ» (វាស់ស្ទង់ដោយស្ថាប័ន USGS នៃសហរដ្ឋអាមេរិក) បានប្រហារដែន សមុទ្រនៅតំបន់ប្រជុំកោះ អ៊ីស នូសា តឹងហ្គារ៉ា (East Nusa Tenggara) ស្ថិតនៅភាគអាគ្នេយ៍ ប្រទេសឥណ្ឌូណេស៊ី។

ដោយឡែក បើតាមមជ្ឈមណ្ឌលអង្កេតគ្រោះរញ្ជួយដីរបស់អឺរ៉ុប (EMSC) វិញបានឲ្យដឹងថា គ្រោះ រញ្ជួយដីនៅឥណ្ឌូណេស៊ីខាងលើនេះ មានកម្រិតរហូតដល់ទៅ ៧.៧រ៉ិចទ័រឯណោះ ដោយវាបាន ញ័ររញ្ជួយចេញពីក្នុងដីជម្រៅ ៥គីឡូម៉ែត្រ។ ភ្លាមៗបែបនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីការ គំរាម ឬការខូចខាត ដែលអាចកើតមានឡើងនៅឡើយទេ។

បើតាមប្រជាជនឥណ្ឌូណេស៊ីម្នាក់ ដែលរស់នៅលើកោះ ហ្វ្ល័រស៍ (Flores) នៃតំបន់ East Nusa Tenggara បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារនេះថា «គ្រប់គ្នាបានរត់ទៅឈរ តាមដងផ្លូវ ដើម្បីសុវត្ថិភាព… ខ្ញុំបានទទួលអារម្មណ៍ហាក់ដូចជា កំពុងស្ថិតនៅលើរលកឡើងចុះៗ»

សូមបញ្ជាក់តាមអាជ្ញាធរឥណ្ឌូណេស៊ី ស្ថិតក្នុងតំបន់រងគ្រោះខាងលើនេះបានឲ្យដឹងថា គ្រោះរញ្ជួយ ដីបានអូសបន្លាយចាប់ពី ២ ទៅ ៣នាទី រួចទើបប្រជាជននានា ចាប់ផ្តើមចាកចេញពីលំនៅឋាន និងអគារនានា មកឈរកកកុញនៅតាមទីវាល និងដងផ្លូវដើម្បីសុវត្ថិភាព។ បើតាមការបង្ហោះនៅលើបង្ហាញសង្គម ប្រជាជនដែលរស់នៅទីក្រុង ម៉ាកាស្សារ (Makassar) នៃខេត្ត ស៊ូឡាវេស៊ី ខាងត្បូង (South Sulawesi) ក៏បានទទួលរងឥទ្ធិពលពីគ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រខាងលើនេះផងដែរ៕