(ភ្នំពេញ)៖ តាមការចេញផ្សាយដោយក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយ ដឹងថា នាយកថ្មីប្រចាំប្រទេសកម្ពុជារបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) លោកស្រី អាលីសា ឆែកគ័រ Allisar Chaker បានចាត់ទុកកម្ពុជាជាដៃគូរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ និងជាដៃគូប្រកបដោយ ការទុកចិត្ត និងគោរពគ្នាទៅវិញទៅមកក្នុងវិស័យបរិស្ថាន និងធនធាន ធម្មជាតិ។ការបញ្ជាក់បែបនេះរបស់លោកស្រី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជា មួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។
នៅក្នុងជំនួបនេះ កម្ពុជា-UNDP បានលើកឡើងពីកិច្ចសហប្រតិបត្តិការ ដែលក្រសួងបរិស្ថាន បានធ្វើជាមួយកម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។ លោកស្រី Allisar Chaker បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបតិ្ត ការដ៏មានផ្លែផ្ការវាង កម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិលើវិស័យបរិស្ថានកន្លងមក ដែលបានជួយគាំទ្រដល់ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថានជាវិជ្ជមាន។
លោកស្រីបានលើកឡើងពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ក្នុងកិច្ចការជាច្រើនក្នុងនោះ មានយុទ្ធនាកាត់បន្ថយសំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ ការអភិរក្សធនធានធម្មជាតិ ការ ប្រើប្រាស់ថាមពលស្អាត និងអព្យាក្រឹត្យភាពផ្នែកកាបូនជាដើម។
បើតាមរដ្ឋមន្ត្រីបរិស្ថានកម្ពុជា បានលើកឡើងពីកិច្ចការដែលក្រសួងបរិស្ថាន បាននិងកំពុងធ្វើទាំង ក្របខណ្ឌគោលនយោបាយ ផែនការសកម្មភាព និងការ អនុវត្តជាក់ស្តែងសំដៅធ្វើឱ្យកាន់តែប្រសើរ ឡើងនូវគុណភាពបរិស្ថាន និងនិរន្តរភាពបរិស្ថាន។
នាឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងថា ក្រសួងបរិស្ថានបាននឹងកំពុងអនុវត្ត ផែនការជាយុទ្ធសាស្រ្តពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន តាមរយៈការរៀបចំទីលានចាក់សំរាម ការ កសាងអាងប្រព្រឹត្តកម្មទឹក ការបំពាក់ឧបករណ៍ចម្រោះទឹកស្អាតនៅតាមសាលារៀន វត្តអារាម រដ្ឋបាលសាធារណៈ ក៏ដូចជាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការគិតគូរពីគុណភាព និង សុវត្ថិភាពចំណីអាហារជាដើម ជាការរួមចំណែកគិតគូរសុខុមាលភាពមនុស្ស និងការកសាងធន ធានមនុស្ស ស្របទៅនឹងការវិវត្តរីកចម្រើននៃសេដ្ឋកិច្ច សង្គម និងបរិស្ថានកម្ពុជានាពេលខាងមុខ។
ឯកឧត្តម រដ្ឋមន្ត្រីបានលើកឡើងពីការរៀបចំក្រមបរិស្ថាន ដែលមានសារៈសំខាន់ សម្រាប់ការការ គ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ។ ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ គូសបញ្ជាក់ពី ការអភិរក្សធនធានធម្មជាតិ ដែលកាន់តែមានភាពល្អប្រសើរឡើង និងបានលក់ឥណទានកាបូននៅ លើទីផ្សារស្ម័គ្រចិត្ត ហើយប្រជាពលរដ្ឋចាប់ផ្តើមយល់ដឹង និងពលរដ្ឋបានដើរកម្សាន្តក្នុងតំបន់ទេស ចរណ៍ធម្មជាតិ៕