(បាងកក)៖ តាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post ប្រាប់អោយដឹងថា ក្រសួង សុខាភិបាលថៃនៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លង ជំងឺ COVID-19 ថ្មីៗចំនួន ២,៨៦២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៣៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៤,៨១៨នាក់ផ្សេង ទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួន ២,១៧៤,៩០៦ករណី ក្នុងនោះមានអ្នកស្លាប់ ២១,២៣១នាក់ និងអ្នកជា សះស្បើយឡើងវិញ ២,១០៦,១៤៤នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ៩៧.៧៨លានដូស ក្នុងនោះប្រជាជន ៤៣.៤៩លាននាក់ (៦២.១៨% នៃចំនួន ប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕