(បាងកក, ថៃ)៖ នៅចំពោះមុខឯកឧត្តម សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, ឧត្តមសេនីយ៍ឯក វីរៈឆ័យ ស៊ុមមេត្តា អគ្គស្នងការរងប៉ូលិសជាតិថៃ បានសន្យា និងប្តេជ្ញាទប់ស្កាត់រាល់សកម្មភាពក្រុមប្រឆាំង ដែលធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។ មន្ត្រីជាន់ខ្ពស់ប៉ូលិសថៃរូបនេះ បានអះអាងថា រូបលោកមិនអនុញ្ញាតឱ្យក្រុមប្រឆាំងណាម្នាក់ យក ទឹកដីថៃ ទៅធ្វើសកម្មភាពជេរប្រមាថ ឬប្រឆាំងរាជរដ្ឋាភិបាលកម្ពុជានោះឡើយ។
ការប្រកាសអះអាងរបស់ឧត្តមសេនីយ៍ឯក វីរៈឆ័យ ស៊ុមមេត្តា បានធ្វើឡើងក្នុងជំនួយពិភាក្សាការងារ ជាមួយឯកឧត្តម បណ្ឌិត សុខ សុក្រឹត្យា នៅទីក្រុងបាងកក ប្រទេសថៃ នាពេលថ្មីៗនេះ។ ជំនួបពិភាក្សាខាងលើនេះ ធ្វើឡើងដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែប្រសើរឡើង រវាងរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នប៉ូលិសថៃ។
កិច្ចពិភាក្សាបានផ្តោទៅលើការគ្រប់គ្រងសុវត្ថិភាពការធ្វើពាណិជ្ជកម្មឆ្លងដែន ពលករចំណាកស្រុក។ ជាពិសេសទប់ស្កាត់ពលករខុសច្បាប់ និងការបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ។ ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក វីរៈឆ័យ ស៊ុមមេត្តា បានថ្លែងអំណរគុណឯកឧត្តម បណ្ឌិត សុខ សុក្រឹត្យា ដែល បាន ផ្តល់កិត្តិយស និងបានបំពេញទស្សនកិច្ចនៅទីបញ្ជាការដ្ឋានប៉ូលិសថៃ។
ឯកឧត្តម បណ្ឌិត សុខ សុក្រឹត្យា ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ និងប៉ូលិសថៃ ដែល បានរួមសហការក្នុងការចាប់ក្រុមឧក្រិដ្ឋកម្មបរទេស ដែលបានយកទឹកដីកម្ពុជា បោកបញ្ឆោតយុវ ជនថៃ ស្ត្រីថៃ តាមរយៈមណ្ឌលផ្តល់ព័ត៌មានទូរស័ព្ទ (CALL CENTER) និងជាពិសេសលួចចាប់ ពង្រាត់ស្រ្តីថៃ ដើម្បីជំរិតទារប្រាក់ក្នុងម្នាក់ៗ ២០,០០០ ទៅ៣០,០០០បាត។
ជំនួសមុខឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម បណ្ឌិត បានថ្លែងអំណរគុណប៉ូលិសថៃ ដែលបានធ្វើការ បង្ក្រាបជាបន្តបន្ទាប់ ក្រុមមេខ្យល់ក្នុងការនាំពលករខុសច្បាប់ចូលប្រទេសថៃ និងកិច្ចសហការល្អ របស់ប៉ូលិសថៃ ក្នុងការដោះស្រាយ និងបញ្ចប់ឧក្រិដ្ឋកម្មឆ្លងដែនបានយ៉ាងល្អប្រសើរ។ ត្រង់ចំណុចនេះ គឺបានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា មិនមានពាក់ព័ន្ធ ហើយមិនធា្លប់គាំទ្រដល់ ការជួញដូរមនុស្ស ឬជួញដូរកម្លាំងពលកម្មខុសច្បាប់នោះឡើយ។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម បណ្ឌិត សុខ សុក្រឹត្យា បានស្នើភាគីថៃបន្តជំរុញកិច្ចសហប្រតិបត្តិ ការល្អក្នុងកិច្ចការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ការបង្ក្រាបឧក្រិដ្ឋកម្មជួញដូរមនុស្ស អនុញ្ញាត ភ្ជាប់ Mobile App សុវត្ថិភាពពលករចំណាកស្រុកជាមួយប្រព័ន្ធប៉ូលិសថៃ និងការទប់ស្កាត់ក្រុម ប្រឆាំងដែលប្រើប្រាស់បណ្តាញសង្គមពីប្រទេសថៃដើម្បីធ្វើការវាយប្រហារមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មជួញដូរគ្រឿងញាណតាមព្រំដែនកម្ពុជា-ថៃ។
ជាការឆ្លើយតបឧត្តមសេនីយ៍ឯក វីរៈឆ័យ ស៊ុតមេត្តា អគ្គស្នងការរងប៉ូលិសជាតិរបស់ប្រទេសថៃ បានបញ្ជាក់យ៉ាងច្បាស់ថា គោលនយោបាយរាជរដ្ឋាភិបាលថៃ ក៏ដូចជាស្ថាប័នប៉ូលិសថៃ ដាច់ខាត មិនឱ្យក្រុមប្រឆាំងយកទឹកដីថៃជាទីតាំងធ្វេីសកម្មភាពនយោបាយប្រឆាំងរាជរដ្ឋាភិបាលប្រទេសណាមួយឡើយ។ លោកបញ្ជាក់បន្ថែមថា សមត្ថកិច្ចប៉ូលិសថៃគ្រប់លំដាប់ថ្នាក់ នឹងបន្កកិច្ចសហ ប្រតិបត្តិការល្អជាមួយនគរបាលកម្ពុជា ដើម្បីទប់ស្កាត់សកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។
ការជួបពិភាក្សាការងារលើកនេះចាត់ទុកថា ជាទំនាក់ទំនងដ៏ល្អ និងបានសន្យាបន្តកិច្ចសហប្រតិបត្តិ ការគ្នាយ៉ាងជិតស្និទ្ធ និងកាន់តែខ្លាំងក្លាថែមទៀត ក្នុងការបង្រ្កាបក្រុមប្រព្រឹត្តល្មើសច្បាប់តាមជាយ ដែនកម្ពុជា-ថៃ៕