កម្ពុជា ដណ្ដើមបានលេខ១ ចំនួន ៣វិញ្ញាសា ក្នុងថ្ងៃទី១ នៃការប្រកួតកីឡាទូកក្ដោងជើងឯកអាស៊ាន


 (ភ្នំពេញ)៖ ការប្រកួតកីឡាទូកក្ដោងជ្រើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ បានដំណើរការប្រកួតជាផ្លូវការហើយ នៅថ្ងៃទី១៣ ខែធ្នូនេះ ខណៈលទ្ធផលបច្ចេកទេសថ្ងៃដំបូង ក្រុមកីឡាករកម្ពុជា ដណ្ដើមបានចំណាត់ថ្នាក់លេខ១ បណ្ដោះអាសន្នចំនួន ៣វិញ្ញាសា ក្នុងចំណោម ៥វិញ្ញសា នៅឆ្នេរសុខា ខេត្តព្រះសីហនុ ។យោងតាមរបាយការណ៍ ស្ដីពីការប្រកួតថ្ងៃទី១ នេះ កីឡាករកម្ពុជា ធ្វើបានយ៉ាងល្អប្រសើរ ក្នុងចំណោម ៤វិញ្ញាសា ដែលកម្ពុជា បានបញ្ជូនអត្តពលិកចូលរួមប្រកួត លើកលែងវិញ្ញាសា ILCA 4 ដែលកម្ពុជាមិនបានបញ្ជូនកីឡាករចូលរួមប្រកួត ។ ចំពោះលទ្ធផលការប្រកួតថ្ងៃបើកឆាក បន្ទាប់ពីបញ្ចប់ការប្រកួតចំនួន ៣ជុំ រួមមាន៖

១-វិញ្ញាសា ILCA 7 កីឡាករកម្ពុជាចូលរួម ២រូប ទទួលបានចំណាត់ថ្នាក់លេខ ១ និងលេខ ៣ ក្នុងចំណោមកីឡាករ ៣រូប ។
២-វិញ្ញាសា ILCA 6 កីឡាករកម្ពុជាចូលរួម ២រូប ទទួលបានចំណាត់ថ្នាក់លេខ ៤ និងលេខ ៥ ក្នុងចំណោមកីឡាករ ៥រូប ។
៣-វិញ្ញាសា RS:One កីឡាករកម្ពុជាចូលរួម ៣រូប ទទួលបានចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ ៣ ក្នុងចំណោមកីឡាករ ៥រូប ។
៤-វិញ្ញាសា Techno 293 កីឡាករកម្ពុជាចូលរួម ៥រូប ទទួលបានចំណាត់ថ្នាក់ លេខ១ និងលេខ៣ ក្នុងចំណោមកីឡាករសរុប ៨រូប ។

លោក ថោង រដ្ឋសក្ដិ អនុប្រធានសហព័ន្ធកីឡាទូកក្ដោងកម្ពុជា បានឲ្យដឹងថា ព្រឹត្តិកាណ៍នេះ មានកីឡាករ-កីឡាការិនី ២៧នាក់ មកពី ៣ប្រទេសចូលរួម គឺមានកម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី ដោយប្រកួតលើវិញ្ញាសាចំនួន ៥ ក្នុងនោះវិញ្ញាសានីមួយៗ កីឡាករ-កីឡាការិនីម្នាក់ៗ ត្រូវប្រកួតយ៉ាងហោច ១៦ជុំ ចាប់ពីថ្ងៃទី១៣-១៧ ខែធ្នូ បន្ទាប់មកទើបគណៈកម្មការធ្វើការបូកសរុបពិន្ទុ ដើម្បីកំណត់កីឡាករ-កីឡាការិនីជ័យលាភី ៕