ឯកឧត្តម បណ្ឌិត ថោង ខុន ត្រូវបានតែងតាំងជាសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ជាផ្លូវការ


 (ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា(NOCC) ត្រូវបានតែងតាំងជាសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ជាផ្លូវ ការហើយ សម្រាប់ដឹកនាំ និរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។

ការតែងតាំងនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិសេសមួយរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅ ល្ងាចថ្ងៃទី៧ ខែធ្នូនេះ តាមប្រព័ន្ធអនឡាញ (Zoom) ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ នៃម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាស៊ីហ្គេម ពិសេសស៊ីហ្គេម លើកទី៣១ នៅវៀតណាម ដែលបានលើកពេល ពីចុងឆ្នាំ២០២១ ទៅខែឧសភា ឆ្នាំ២០២២ ដោយវៀតណាម បានអះអាងជាថ្មីថា ខ្លួននឹងរៀបចំព្រឹត្តិ ការណ៍នេះឲ្យទទួលបានជោគជ័យ ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បញ្ជាក់ថា «ហេតុអ្វីបានយើងធ្វើសហប្រធាន ពីព្រោះ វៀតណាម មិនទាន់បញ្ចប់បេសកកម្មរបស់គេ ។ អ៊ីចឹងយើងក្លាយទៅជាសហប្រធាន តែចែកការងារគ្នា ស៊ីហ្គេមនៅវៀតណាម ដឹកនាំដោយប្រធានអូឡាំពិកវៀតណាម ហើយស៊ីហ្គេមនៅកម្ពុជា ដឹកនាំដោយ ប្រធានអូឡាំពិកកម្ពុជា មានន័យថា រាល់ការងារពាក់ព័ន្ធស៊ីហ្គេមនៅកម្ពុជា គឺឯកឧត្តមបណ្ឌិត ថោង ខុន ជាអ្នកដឹកនាំ ដូចជាការប្រជុំប្រទេសសមាជិកស៊ីហ្គេម ក៏ដូចជាការសម្រេចផ្សេងៗទៀត ដែលស្ថិត ក្រោមការដឹកនាំ និងគ្រប់គ្រងសកម្មភាព ក៏ដូចជាការងារប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអា គ្នេយ៍ អំឡុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះ» ។

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដដែលបានសង្កត់ធ្ងន់ថា «នេះគឺជាថ្ងៃដ៏សំខាន់ ដែលក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកទាំងអស់ បានអបអរសាទរ ចំពោះកម្ពុជា ហើយមិនត្រឹម តែអបអរសាទរកម្ពុជា ក្លាយទៅជាសហប្រធាន ក៏ដូចជាការត្រៀមខ្លួនរួចរាល់ ធ្វើម្ចាស់ផ្ទះការប្រ កួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នោះទេ គឺថែមទាំងអបអរសាទរកម្ពុជា ទទួលបាន សិទ្ធធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ទៀតផង» ។

ទន្ទឹមជាមួយគ្នា ឯកឧត្តម រដ្ឋមន្ដ្រី ថោង ខុន បានបញ្ជាក់ប្រាប់អង្គប្រជុំ អំពីភាពធូរស្រាល នៃ ស្ថានភាពកូវីដ-១៩ នៅកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាល បើកប្រទេសឡើងវិញ ។ ដូច្នេះលោកបានស្វាគមន៍ថ្នាក់ដឹកនាំកីឡាក្នុងតំបន់ មកកម្ពុជា ដោយភាពកក់ក្ដៅ ពិសេសឯកឧត្តម បានអញ្ជើញសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ទាំងអស់ មកកម្ពុជា នាខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ លើកដំបូង នៅខេត្តសៀមរាប ដែលជាកិច្ច ប្រជុំផ្ទាល់ដំបូង ក្រោយវិបត្ដិកូវីដ-១៩ ទៀតផង ។ បណ្ដាប្រទេសទាំងអស់ បានសម្ដែងការសាទរ និងត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមកិច្ចប្រជុំនៅកម្ពុជានេះ ។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម ។

ចំពោះស៊ីហ្គេម លើកទី៣១ នៅវៀតណាម ត្រូវបានម្ចាស់ផ្ទះកំណត់កាលបរិច្ឆេទរៀបចំការប្រកួត ជាផ្លូវការហើយ ដោយនឹងប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ អមជាមួយការ អះអាង និងធានាជាថ្មីថា នឹងរៀបចំព្រឹត្តិការណ៍នេះ ឲ្យទទួលបានជោគជ័យ ។ ប្រធានក្រុមក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលវៀតណាមជាម្ចាស់ផ្ទះប្ដូរវេន បានរាយការណ៍ ច្បាស់លាស់ អំពីប្រភេទកីឡា និងទីលានប្រកួត ក៏ដូចជាការប្រព្រឹត្តទៅរបស់គណៈកម្មការរៀប ចំការប្រកួតរបស់ខ្លួន ដែលកម្ពុជាបានទទួលនូវព័ត៌មានគ្រប់គ្រាន់ សម្រាប់ធ្វើការងារជាមួយ សហព័ន្ធកីឡាជាតិកម្ពុជាផងដែរ ៕