(ភ្នំពេញ)៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨ ខែធ្នូខាងមុខ ក្រោមអធិបីតភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូចចិនប្រចាំនៅកម្ពុជា ។ តាមការគូសបញ្ជាក់របស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួត កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) គឺបានបញ្ជាក់ថា សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអនុញ្ញាត ឲ្យមានអ្នកចូលរួម ១៥,០០០នាក់ ដើម្បីអបអរសាទរស មិទ្ធផលថ្មីដ៏អស្ចារ្យនេះ ហើយត្រូវបានរំពឹង ថា អាចនឹងក្លាយជាព្រឹត្តិការណ៍ ដែលមានអ្នកចូលរួម ច្រើនជាងគេ បន្ទាប់ពី ស្ថានភាពកូវីដ-១៩ នៅកម្ពុជាធូរស្រាល ។
ការលើកឡើងនេះ ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការសន្ដិសុខសណ្ដាប់ធ្នាប់ និងគណៈកម្មការ ពាក់ព័ន្ធ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមរៀបចំកម្មវិធីខាងលើ ដែលដឹកនាំដោយ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មា ធិការជាតិ CAMSOC និងលោកនាយកឧត្តមសេនីយ៍ យូ ស៊ិនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នេះ ។
ឯកឧត្តម វ៉ាត់ ចំរើន បន្ដថា ពិធីសម្ពោធនេះ គឺជាពិធីដ៏មានអត្ថន័យជ្រាលជ្រៅ ដោយនឹងមានការ រៀបចំយ៉ាងអធិកអធម តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដែល សម្ដេចបានអនុញ្ញាតឲ្យមានអ្នកចូលរួម ១៥,០០០នាក់ ។ ដូច្នេះក្រៅពីកម្មវិធីសម្ដែងសិល្បៈ និង កីឡា ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះ គណៈកម្មការគ្រប់ផ្នែក ក៏ត្រូវផ្ដោយការយកចិត្តទុកដាក់ លើតួនាទីរៀងៗខ្លួន តាំងពីសន្ដិសុខ សណ្ដាប់ធ្នាប់ និងវិធានការការពារជំងឺកូវីដ-១៩ ជាដើម ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា «អ្វីដែល ឯកឧត្តមបណ្ឌិត ថោង ខុន និង ឯកឧត្តមនាយឧត្តមសេនីយ៍ យូ ស៊ិនឡុង បានសង្កត់ធ្ងន់ថា គឺការចូលរួមមនុស្សច្រើន ១៥,០០០ នាក់ ដែលជាព្រឹត្តិការណ៍មានអ្នកចូលរួមដ៏ច្រើនមួយ ដែលអាចថា ជាព្រឹត្តិកាណ៍ដែលមានមនុស្ស ច្រើនជាងគេ បន្ទាប់ពីស្ថានភាពកូវីដ-១៩ ធូរស្រាល ។ តាមរយៈនេះ ការរៀបចំត្រូវតែម៉ត់ចត់ក្នុងការ ធ្វើតេស្ដ និងពិនិត្យសុខភាពអ្នកចូលរួមទាំងអស់ ក្រោមយន្ដការ និងការត្រួតពិនិត្យដ៏ច្បាស់លាស់» ។
ឯកឧត្តម បន្ដថា «ពួកយើងបានទទួលនូវអនុសាសន៍ណែនាំពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី ហើយ យើងនឹងអនុវត្តឲ្យមានប្រសិទ្ធភាពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ ដោយត្រូវរៀបចំឲ្យខានតែបាន នូវសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ និងអ្នកចូលរួម ។ យើងបានរៀបចំជាផែនការរួចរាល់អស់ហើយ ។ អញ្ជឹងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ គណៈ កម្មការទាំងអស់ បានយកគោលការណ៍ទាំងអស់ មកផ្គុំគ្នា ដើម្បីធ្វើឲ្យយ៉ាងណាឲ្យនីតិវិធីនៃការ រៀបចំរបស់យើងមានភាពអស្ចារ្យ និងស័ក្ដិសមជាមួយសមិទ្ធផលដ៏អស្ចារ្យនេះដែរ» ៕