ពាណិជ្ជកម្មចិន និងអាមេរិក កើនឡើងដល់ជាង ៦៨២ប៊ីលានដុល្លារក្នុងរយៈពេល ១១ខែឆ្នាំនេះ


 (ប៉េកាំង)៖  យោងតាមកាសែត Global Times បានបញ្ជាក់អោយដឹងថា អាមេរិកនៅតែជាដៃគូ ពាណិជ្ជកម្មធំទី៣ របស់ប្រទេសចិនដដែលកាលពីខែវិច្ឆិកា ដោយតម្លៃពាណិជ្ជកម្មទ្វេភាគីបានកើន ឡើងដល់ ៧២ប៊ីលានដុល្លារ ខណៈអ្នកវិភាគបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីអាចនឹងកើនឡើង ដល់កម្រិតខ្ពស់បំផុតថ្មីមួយនៅឆ្នាំនេះ។

លោក Tian Yun សេដ្ឋវិទូនៅទីក្រុងប៉េកាំង បានប្រាប់កាសែត Global Times ថា អាមេរិកត្រូវ បង្កើនការនាំចូលពីប្រទេសចិន ដើម្បីបន្ធូរសម្ពាធកង្វះការផ្គត់ផ្គង់ក្នុងស្រុក។ លោកបន្ថែមថា៖ «ប្រសិនបើមិនបង្កើនការនាំចូលទេ អតិផរណានៅអាមេរិកទំនងជាបន្តកើនឡើង»។

ទិន្នន័យស្ថាប័នគយចិនបានបង្ហាញថា ពាណិជ្ជកម្មសរុបក្នុងរយៈពេល ១១ខែដំបូងក្នុងឆ្នាំនេះរវាង ប្រទេសទាំងពីរបានកើនឡើងដល់ ៦៨២,៣២ប៊ីលានដុល្លារ ដោយកើនឡើង ៣០,២ភាគរយធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយលើកឡើងពីពាណិជ្ជកម្មទ្វេភាគដ៏រឹងមាំ លោក Tian បានព្យាករថានឹងមានតួលេខខ្ពស់ថ្មីមួយ សម្រាប់ទំហំពាណិជ្ជកម្មចិន-អាមេរិកនៅឆ្នាំ២០២១នេះ ដែលនឹងបន្តលើកើតមានរហូតដល់ឆ្នាំ ក្រោយ។ លោកបានប៉ាន់ប្រមាណថា អត្រាកំណើននាំចេញរបស់ចិននៅឆ្នាំ២០២២ នឹងខ្ពស់ជាង អត្រាកំណើនឆ្នាំ២០២១ ចំនួន ៥ភាគរយ។

ទោះជាយ៉ាងណា អត្រាកំណើនពាណិជ្ជកម្មទ្វេភាគីបានធ្លាក់ចុះពី ៣៥,៤ភាគរយនៅខេកញ្ញា មក នៅត្រឹម ៣៣,៤ភាគរយនៅខែតុលា។

លោក Tian បានថ្លែងថា៖ «បើអាមេរិកបោះបង់ចោលពន្ធពិន័យលើផលិតផលចិន វានឹងជាវិធានការ ឈ្នះ-ឈ្នះសម្រាប់ភាគីទាំងពីរ ខណៈដែលវានឹងជួយបន្ធូរសម្ពាធអតិផរណារបស់អាមេរិក ខណៈ ដែលចិននឹងបង្កើនការនាំចេញរបស់ខ្លួនទៅកាន់អាមេរិក»៕