ថៃរកឃើញ «ករណីវិជ្ជមានដំបូង» នៃមេរោគបំប្លែងថ្មី «អូមីក្រុង»


 (បាងកក)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post នារសៀលថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ អោយដឹងថា មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលថៃ បានប្រកាសនៅថ្ងៃ ចន្ទនេះថា «ករណីវិជ្ជមានដំបូង» នៃវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) ត្រូវបានរកឃើញហើយ នៅ ក្នុងប្រទេសអាស៊ានមួយនេះ គឺទៅលើពលរដ្ឋអាមេរិកាំងម្នាក់ ដែលបានធ្វើដំណើរពីប្រទេស អេស្ប៉ាញ ចូលមកកាន់ប្រទេសថៃកាលពីខែវិច្ឆិកាកន្លងទៅ។

លោក អូប៉ាស កានកាវីនពង្ស (Opas Karnkawinpong) អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ ដែលចំណុះឲ្យក្រសួងសុខាភិបាលថៃ បានប្រកាសឲ្យដឹងនៅថ្ងៃសៅរ៍នេះទៀតថា ការរកឃើញខាង លើនេះ បានធ្វើឲ្យថៃក្លាយជាប្រទេសទី ៤៧ នៅលើពិភពលោក ដែលបានរកឃើញវត្តមាននៃ មេរោគបំប្លែងថ្មី Omicron ដែលត្រូវបាន អង្គការសុខភាពពិភពលោក (WHO) ចាត់ទុកជា «វីរុស ស្ថិតក្នុងក្តីព្រួយបារម្ភ»។

លោក Opas បានលើកឡើងយ៉ាងដូច្នេះថា «ករណីវិជ្ជមានដំបូងនៃវីរុសបំប្លែងថ្មី Omicron ត្រូវបាន រកឃើញលើបុរសអាមេរិកាំងវ័យ ៣៥ឆ្នាំម្នាក់ ដែលបានរស់នៅប្រទេសអេស្ប៉ាញ អស់រយៈពេលមួយ ឆ្នាំមកហើយ និងបានធ្វើដំណើរមកដល់ប្រទេសថៃ (កាលពីអំលុងចុងខែវិច្ឆិកា)»។ លោក Opas គូស បញ្ជាក់បន្ថែមថា អាជ្ញាធរថៃក៏បានធ្វើតេស្ត ទៅលើអ្នកពាក់ព័ន្ធជាមួយនឹង ករណីវិជ្ជមានទី១ នេះ ទាំងអស់ផងដែរ ប៉ុន្តែពួកគេទំនងជាមានហានិភ័យនៃការឆ្លងទាបប៉ុណ្ណោះ ៕