នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាន បញ្ជាក់ថា សម្តេចអាចនឹងអញ្ជើញទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជជែកជាមួយលោក មីង អោងឡាំង
មេដឹកនាំប្រទេសមីយ៉ាន់ម៉ា ឱ្យចូលរួមកិច្ចប្រជុំអាស៊ានឡើងវិញ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ ផ្ទះនៅឆ្នាំ២០២២ ខាងមុខនេះ។
សូមជម្រាបថា មីយ៉ាន់ម៉ា ដែលជាសមាជិកវ័យក្មេងរបស់អាស៊ាន បានអវត្តមាននៅក្នុងកិច្ចប្រជុំ កំពូលអាស៊ាន នៅក្នុងឆ្នាំ២០២១នេះ ក្រោយប្រឈមនឹងវិបត្តិ នយោបាយផ្ទៃក្នុង និងភាពច្របូក ច្របល់អូសអន្លាយរយៈពេលជិត ១ឆ្នាំមកហើយ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ដែលដឹក នាំដោយលោក មីង អោងឡាំង ទម្លាក់គណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ បន្ទាប់ពីបោះឆ្នោត។ អវត្តមានមីយ៉ាន់ម៉ា បានធ្វើឱ្យអាស៊ានបាត់បង់កុងសង់ស៊ីស នៅក្នុង ការ សម្រេចក្នុងកិច្ចប្រជុំកន្លងមក។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «លទ្ធភាពជាច្រើនខ្ញុំនឹងទៅទស្សនកិច្ចនៅណៃពិដោ ដើម្បីជួបឧត្តមសេនីយ៍ មីង អោងឡាំង ធ្វើការជាមួយគាត់ បើមិនឱ្យ ធ្វើការជាមួយនឹងអ្នកកាន់អំណាច តើយើងទៅធ្វើការជាមួយអ្នកណាពិតប្រាកដ ចង់ផ្តល់ជំនួយឫចង់ធ្វើការជាមួយរដ្ឋបាលស្អីៗ គេគ្រប់ គ្រងប្រទេស […] យើងមិនប្រៀប ធៀបអ្នកកាន់អំណាចនៅណៃពិដោ ប្រធានរដ្ឋបាលនៅណៃពិដោ គឺឯកឧត្តម មីង អោងឡាំង ដូចទៅនឹងអាហ្គានីស្ថាន តាលីបង់ទេ ក៏ប៉ុន្តែជាសមាជិកគ្រួសារអាស៊ាន ត្រូវតែមានសិទ្ធក្នុងការចូលរួមប្រជុំ ប្រជុំរដ្ឋមន្ត្រីការពារជាតិក៏ប្រជុំ រដ្ឋមន្ត្រីទាំងអស់ តែចំឡែកត្រង់ ថារដ្ឋមន្ត្រីការបរទេសគេមិនឱ្យចូល វាពិបាកអាកន្លែងនឹង ចឹងមើលទុកឱ្យ ហ៊ុន សែន ធ្វើម្តង»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្តេចនឹងអញ្ជើញទៅមីយ៉ាន់ម៉ា ដើម្បីជជែកជាមួយ លោក មីង អោងឡាំង គឺមិននិយាយអ្វីក្រៅឆ្ងាយពីអ្វីដែលជាគោលការណ៍ រួមរបស់អាស៊ាននោះទេ ហើយក៏ជាគោលការណ៍ធម្មនុញ្ញអាស៊ាន ដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គេ គឺមិនអាចទៅ ហួសពីនេះបានទេ ហើយក៏មិនត្រូវយករូបមន្ត អង្គការសហប្រជាជាតិ យកមកដាក់ជារូបមន្តរបស់អា ស៊ានគឺមិនត្រឹមត្រូវទេ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ពេលនេះជាពេលវេលាដែលត្រូវពង្រឹងអាស៊ានឡើងវិញ ពីអាស៊ាន១០ ទៅអាស៊ាន៩ ឥលូវនេះត្រូវទៅអាស៊ាន១០វិញ ពីព្រោះ មីយ៉ាន់ម៉ា មិនបានប្រកាស ផ្តាច់ខ្លួនចេញពីអាស៊ាននោះទេ ហើយក្នុងធម្មនុញ្ញអាស៊ាន ក៏មិនមានអ្នកណាមានសិទ្ធដេញ សមាជិកចេញនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា កម្ពុជាសមាជិកថ្មីរបស់អាស៊ាន ប៉ុន្តែសមាជិកចាស់ មិនប្រាកដចាស់ទេ ដោយសារមានមេដឹកនាំថ្មី ដោយឡែកសមាជិកថ្មី មិនប្រាកដថាថ្មីទេ ដោយសារ មេដឹកនាំចាស់ សូម្បីតែព្រះចៅស៊ុលតង់ ព្រុយណេ ក៏បានទទួលស្គាល់ថា ក្រៅពីព្រះអង្គ មានតែ នាយករដ្ឋមន្ត្រី ហ៊ុន សែន ទេដែលចាស់ទុំ នោះ៕