សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ បានបង្ហើបអំពី ការបម្រុងទុកអនាគតបេក្ខភាពនាយករដ្ឋមន្រ្តី ចំនួន៤នាក់ របស់គណបក្សកាន់អំណាច ដោយក្នុង នោះមាន ឯកឧត្តម ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចផងដែរ។ ទោះជាយ៉ាងនេះក្តី សម្តេច បានបញ្ជាក់ថា ការដាក់បេក្ខភាពមិនធ្វើឡើងនៅពេលនេះទេ តែអាចធ្វើឡើងនៅក្រោយឆ្នាំ២០២៨ ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំនិយាយរឿងបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជន ផ្សេងទៀត គំនិតរបស់ខ្ញុំ ខ្ញុំបានត្រៀមបេក្ខជនរហូតដល់៤នាក់ ទោះបីប៉ុន្មានថ្ងៃនេះ បេក្ខជនម្នាក់ដែល សម្តេចមិនចេញស្តីនោះ បានចេញសារគាំទ្រ ហ៊ុន ម៉ាណែត ហើយក៏ដោយ ប៉ុន្តែអ្នកនោះនៅតែជា គោលដៅបម្រុងទុក»។
ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានឪពុករបស់លោកគឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសគាំទ្រឱ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីនា ពេលអនាគត។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត វ័យប្រមាណ៤៤ឆ្នាំ គឺជាអគ្គមេបញ្ជាការរងនៃកង យោធពលខេមរភូមិន្ទ, មេបញ្ជាការកងទ័ពជើងគោក។ លោកបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យ យោធារបស់អាមេរិក West Point។ សម្រាប់កិច្ចការងារនយោបាយ លោកក៏ជាប្រធានយុវជន ថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា និងជាសមាជិកអចិន្រ្តៃយ៍ ដែលមានវ័យក្មេងជាងគេផង ដែរ។ សម្តេចតេជោ បានបញ្ជាក់ថា «ខ្ញុំឧទ្ទេសនាមបេក្ខជន នៅក្នុងចិត្តរបស់ខ្ញុំម្នាក់ចេញមកដែល គេលើកម្តងហើយម្តងទៀត ប៉ុន្តែបែរជាចេញមកមានការគាំទ្រពេញទំហឹង»។
ក្នុងនាមជាឪពុក សម្តេចមានបំណងចង់ឱ្យកូនខ្លួនឯងកាន់តំណែងខ្ពង់ខ្ពស់ ដែលមិនខុសពីបំណង របស់ឪពុកគ្រប់គ្នានោះទេ ហើយថា អ្នកដែលនិយាយថា មិនចង់ឱ្យកូនធ្វើធំ គឺកុហកខ្លួនឯង។ សម្តេចលើកឡើងថា «ខ្ញុំប្រើពាក្យមួយថា “ហ៊ុន ម៉ាណែត” ជាបេក្ខជនមួយក្នុងចំណោមបេក្ខជនផ្សេង ទៀត មានន័យថា មិនមែនមានតែ ហ៊ុន ម៉ាណែតមួយទេ ដែលជាបេក្ខជន ដែលមានន័យ២បែប គឺ១៖ ន័យក្នុុងគណបក្សប្រជាជនខ្លួនឯង និង២៖ ន័យទូទៅដែលគណបក្សនយោបាយសុទ្ធតែមានសិទ្ធិ ដាក់បេក្ខភាពនាយករដ្ឋមន្រ្តី។ នេះជាន័យទី១ ឯន័យទី២ ត្រូវឆ្លងកាត់តាមរយៈការបោះឆ្នោត ព្រោះ នាយករដ្ឋមន្រ្តី ត្រូវតែជាសមាជិកសភា បើមិនមែនសមាជិកសភាមិនអាចធ្វើបានទេ»។
ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដាក់បេក្ខជន នឹងធ្វើឡើងនៅ ក្រោយឆ្នាំ២០២៨ ខណៈដែលសម្តេចបានប្រកាសជាលើកទី២ ថានឹងកាន់តំណែងដោយគ្មាន កំណត់អាណត្តិនោះទេ។ សម្តេចលើកឡើងថា៖ «ក្នុងគំនិតរបស់ខ្ញុំ ការបម្រុងទុក មានមិនតិចជាង ៤នាក់នោះទេ ខ្ញុំបានលើកឧទាហរណ៍ថ្ងៃមុនហើយ បើខ្ញុំនៅអញ្ចឹងកូនមកធ្វើអី»។ សម្តេចបន្តថា «សម្បីតែក្នុងជួររដ្ឋាភិបាល ក៏ខ្ញុំមិនឱ្យចូលមកដែរ អញ្ចឹងលទ្ធភាពមិនមុនឆ្នាំ២០២៨ នោះទេ អាចក្នុងចន្លោះ២០២៨ ២០២៩ ឬ២០៣០ អញ្ចឹងត្រូវរង់ចាំ»។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា នេះជាបម្រុងទុករបស់គណបក្សប្រជាជនកម្ពុជា ទៅថ្ងៃ ខាងមុខ ដែលមិនងាយនឹងប្រែប្រួលឡើយ។ សម្តេចបញ្ជាក់ថា អ្វីៗអាចប្រែប្រួលតែក្នុងករណី សម្តេចទទួលមរណភាពប៉ុណ្ណោះ។ សម្តេចបញ្ជាក់ថា៖ «វិធីតែមួយដើម្បីដូរទិសគឺត្រូវធ្វើឃាតហ៊ុន សែនឱ្យបាន សម្លាប់ហ៊ុន សែន ឱ្យបាន ឬ ហ៊ុន សែនស្លាប់ដោយសារសុខភាព ឬត្រូវធ្វើឃាតហ៊ុន សែន ដើម្បីដូូរទិសនយោបាយ ដូចដែលគេបានធ្វើខ្ញុំនៅសៀមរាប ឆ្នាំ១៩៩៨ ប៉ុន្តែការធ្វើឃាត ហ៊ុន សែន មិនប្រាកដថាអ្នកឯងនៅរស់ទេ កម្លាំងប្រដាប់អាវុធអាចបាត់ភ្លាមវ៉ៃប្រិបភ្លាម សូមកុំធ្វើអំពើ ថោកទាប»។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់ទៀតថា ប្រសិនបើសម្តេចស្លាប់ដោយសារជំងឺ នោះពេល វេលាក៏ត្រូវដូរទិសដែរ មិនមែនលោក ហ៊ុន ម៉ាណែតទេ ដែលជាបេក្ខជន គឺមេដឹកនាំបក្សនឹងចាត់ ចែងរើសបេក្ខភាពនាយករដ្ឋមន្រ្តី។ «ទុកឱ្យគណបក្សជ្រើសរើសទៅ ហ៊ុន ម៉ាណែត មិនទាន់ដល់ ពេលទេ»។
សម្តេចបានបញ្ជាក់បន្ថែមថា «មេដឹកនាំសព្វថ្ងៃដែលកំពុងនៅ ពេលដែលគេចូលធ្វើការ គេបានទាំងពរ ហ៊ុនម៉ាណែតលេងផង អញ្ចឹងមិនអាចយក ហ៊ុន ម៉ាណែត ទៅធ្វើប្រធានរបស់អ្នកទាំងហ្នឹងទេ មេដឹក នាំសំខាន់ៗគឺថាដល់ពេលចេញគឺចេញទាំងអស់គ្នាតែម្តង ហើយដាក់អេគីបថ្មីចូល»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចមិនអាចយកលោក ហ៊ុន ម៉ាណែត មកធ្វើការ នៅពីលើមេដឹកនាំបច្ចុប្បន្ននេះបានទេ ដោយក្នុុងនោះមាន សម្តេច ហេង សំរិន សម្តេច សាយ ឈុំ សម្តេច ស ខេង, សម្តេចពិជ័យសេនា ជាដើម។
«ករណី ហ៊ុន សែន អត់ស្លាប់ទេតែ ហ៊ុន ម៉ាណែត កសាងកំហុសអ្វីមួយ ខ្ញុំមិនអាចបន្តគាំទ្រ កូន របស់ខ្ញុំ កនុងពេលដែលគេប្រព្រឹតកំហុស ដែលធ្វេីឱ្យបក្សបាត់បង់ប្រជាប្រិយភាពនោះទេ»។ នេះជាការគូសបញ្ជាក់របស់សម្តេច។ សម្តេចតេជោ បានលេីកឡេីងថា ការរៀបចំបេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ក៏ដោយសារតែមានការផ្សាយញុះញង់បំបែកបំបាក់រវាងសម្តេច និងសម្តេច ស ខេង ដែរ។
សម្តេចបានបន្ថែមថា៖ «ពិតមែនតែខ្ញុំគាំទ្រ បេក្ខជន៤នាក់ ប៉ុន្តែចិត្តខ្ញុំលំអៀង ចង់ឬមិនចង់បើអ្នកឯង និយាយអញ្ចឹងហេីយ គឺចិត្តខ្ញុំលំអៀងទៅរកកូនខ្ញុំ»។
សម្តេចតេជោ បានលើកឡើងថា ក្នុងចំណោមបេក្ខជននោះ កូនរបស់សម្តេច ក្មេងជាងគេ ហើយនៅ មានក្មេងម្នាក់ទៀតដែរ៕