សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈនឹងមាន មនុស្សយ៉ាងតិច១ម៉ឺន ៥ពាន់នាក់ នឹងអញ្ជើញចូលរួមក្នុងពិធីសម្ពោធពហុកីឡដ្ឋានដ៏ធំមួយនេះ។
ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាមាក់ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ពហុកីឡដ្ឋាននេះ មានចម្ងាយ ១២គីឡូម៉ែត្រ ពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា។
ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានធ្វើពិធីប្រគល់-ទទួលជាផ្លូវការកាលពីរសៀលថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា៖ «ហើយនាំគ្នាទៅហាត់ (ក្រុមកីឡា) នៅស្តាត ថ្មីទៅ ដែលយើងនឹងសម្ពោធផ្លូវការនៅថ្ងៃទី១៨ ខែធ្នូ ដែលរាប់ថយក្រោយថ្ងៃសម្ពោធមានរយៈពេល ៥០២ថ្ងៃ ថ្ងៃទី១៨ យើងត្រូវទៅធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្តាតជាផ្លូវការ ថ្ងៃដែលឯកឧត្តម វ៉ាង យី អញ្ជើញមកគឺប្រកាសផ្ទេរ ប្រគល់ ប៉ុន្តែ យើងអត់ទាន់បានធ្វើសម្ពោធនៅឡើយទេ […] មនុស្ស១ ម៉ឺន ៥ពាន់នាក់ យ៉ាងតិចនឹងចូលរួមក្នុងពិធីសម្ពោធស្តាតថ្មីនេះ»។
បើតាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា បើកុំតែបញ្ហាជំងឺកូវីដ១៩ ម្លោះថ្ងៃសម្ពោធដាក់ ឱ្យប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្តេចនឹងដាក់ឱ្យមនុស្សចូលរួមចំនួន៦ម៉ឺន ៥ពាន់នាក់ បូករួមទាំងក្រុមកីឡាករ កីឡារិនី ដើម្បីអបអរថ្ងៃសម្ពោធពហុកីឡដ្ឋានថ្មីរបស់កម្ពុជាដ៏ធំមួយនេះ។
សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្រាប់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបានសាងសង់ រួចរាល់ និងត្រៀមសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការនេះ គឺជាការអំណោយរបស់រដ្ឋាភិបាលចិន និងនិយាយមួយបែបជាកាដូរបស់ប្រធានាធិបតីចិន ស៊ី ជិនពីង ជូនចំពោះប្រទេសកម្ពុជា និងសម្តេច ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣៕