រដ្ឋចំនួន១៦ហើយនៅសហរដ្ឋអាមេរិក រកឃើញវត្តមានមេរោគបំប្លែងថ្មី «អូមីក្រុង» ខណៈការតាម ដានឥទ្ធិពលរបស់វាកំពុងបន្ត


 (វ៉ាស៉ីនតោន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា ក្រុមមន្ត្រីសុខាភិបាលសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះ (ពេលវេលានៅវ៉ាស៊ីនតោន) បាននិយាយថា វីរុសបំប្លែងថ្មី អូមីក្រុង (Omicron) បានឆ្លងរីករាលដាលដល់រដ្ឋប្រហែល «មួយភាគបី» នៃរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិកហើយ ប៉ុន្តែវីរុសបំប្លែងថ្មី Delta នៅតែជាភាគច្រើននៃករណីឆ្លងជំងឺ COVID-19 ដែលបង្កឱ្យករណីឆ្លង សរុបនៅទូទាំងប្រទេស កើនឡើងយ៉ាងគំហុក។

ទោះបីជាការលេចចេញឡើងនៃវីរុសបំប្លែងថ្មី Omicron ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើល នៅទូ ទាំងពិភពលោកក៏ដោយ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងសហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៉ី (Anthony Fauci) បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន CNN ថា «រហូតមកដល់ពេលនេះ វាមើលទៅហាក់បីដូចជា មិនមានភាពធ្ងន់ធ្ងរខ្លាំងទេ ហើយវាពិតជាលឿនពេក ដើម្បីដឹងថាតើវីរុស បំប្លែងថ្មី Omicron អាចនឹងធ្វើឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ ឬក៏យ៉ាងណានោះដែរ ខណៈយើងត្រូវការ ការសិក្សាបន្ថែមទៀត»

បើតាមតួលេខពីទីភ្នាក់ងារសារព័ត៌មាន Reuters យ៉ាងហោចណាស់ រដ្ឋចំនួន ១៦ នៃសហរដ្ឋអា មេរិកហើយ ដែលបានរាយការណ៍ពីការរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron រួមមានរដ្ឋ កាលីហ្វ័រញ៉ា (California), ខូឡូរ៉ាដូ (Colorado), ខុនណិចធីខឹត (Connecticut), ហាវ៉ៃ (Hawaii), ល្វីស្យាណា (Louisiana), ម៉ារីឡែនដ៍ (Maryland), ម៉ាស្សាឈូសេតស៍ (Massachusetts), មីនីសូតា (Minnesota), មីសសួរី (Missouri), ណេប្រាស្កា (Nebraska), ញូជឺស៉ី (New Jersey), ញូយ៉ក (New York), ភែនស៊ីលវេនៀ (Pennsylvania), យូតាហ៍ (Utah), វ៉ាស៊ីនតោន (Washington) និង វីស្កុនស៊ីន (Wisconsin)។ ករណីភាគច្រើន ស្ថិតក្នុងចំណោមអ្នក ដែលបាន ទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់ ជាមួយរោគសញ្ញាស្រាល៕