(ឌូបៃ)៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ០៦ ខែធ្នូ ឆ្នាំ២០២១ បានប្រាប់អោយដឹងថា មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយ ថាភាពស្ទាក់ស្ទើររបស់សហរដ្ឋអាមេរិក ក្នុងការដក ទណ្ឌកម្មទាំងអស់ចេញពីអ៊ីរ៉ង់ គឺជាឧបសគ្គ មួយដ៏ធំរារាំងដល់ការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ខណៈបណ្ដាប្រទេស លោកខាងលិចនៅតែបន្តសង្ស័យពីការប្ដេជ្ញាចិត្តរបស់ទីក្រុងតេហេរ៉ង់ ដើម្បីសង្រ្គោះកិច្ចព្រមព្រៀង នេះដូចគ្នា ដែរ។ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីជាន់ ខ្ពស់អ៊ីរ៉ង់ម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ដូច្នេះថា «វាច្បាស់ណាស់នៅពេលនេះ នោះគឺភាពស្ទាក់ស្ទើររបស់ទីក្រុងវ៉ាស៊ីនតោន បោះបង់ចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ ជាឧបសគ្គមួយដ៏ធំរារាំងដល់ដំណើរការនៃកិច្ចចរចា…យើងជឿជាក់ថានឹងមាន កិច្ចព្រមព្រៀងមួយ ប្រសិនបើរដ្ឋាភិបាលអាមេរិកបញ្ឈប់យុទ្ធនាការដាក់សម្ពាធរបស់ខ្លួន ហើយភាគីអឺរ៉ុបបង្ហាញពីភាព បត់បែន និងឆន្ទៈនយោបាយពិតប្រាកដ»។
សូមបញ្ជាក់ថា កិច្ចចរចានុយក្លេអ៊ែរដោយប្រយោលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ក្នុងទីក្រុងវីយ្យែន ប្រទេសអូទ្រីស ដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ ឆ្នាំ២០១៥ ឡើងវិញ ត្រូវផ្អាកជាបណ្ដោះអាសន្ន ដោយភាគីពាក់ព័ន្ធអះអាងថាកិច្ចចរចានឹងចាប់ផ្ដើមជាថ្មី នៅក្នុងសប្ដាហ៍ នេះបន្ទាប់ពីក្រុមមន្ត្រីអឺរ៉ុបបង្ហាញការខកចិត្តចំពោះ អ៊ីរ៉ង់ ដែលបានស្នើឱ្យកែប្រែអត្ថបទមួយដែល សម្រេចបានជិត ៨០ភាគរយ នៅក្នុងកិច្ចប្រជុំមុនៗមក៕