(ហ្សឺណែវ)៖ តាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាព្រឹកថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១បញ្ជាក់ថា អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom) នៅថ្ងៃអាទិត្យ ទី០៥ ខែធ្នូ (ពេលវេលានៅទីក្រុងហ្សឺណែវ) បានរិះគន់ធ្ងន់ៗ ចំពោះ ប្រទេសទាំងឡាយណា ដែលបានដាក់ការររឹតត្បិត និងហាមឃាត់ទៅលើអ្នកដំណើរពីតំបន់ អាហ្វ្រិក ខាងត្បូង ចំពោះមុខស្ថានការណ៍បន្ទាន់ បង្កឡើងដោយវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron)។
មេរោគបំប្លែងថ្មី Omicron ត្រូវបានប្រកាសរកឃើញមុខគេ កាលពីចុងខែវិច្ឆិកា ដោយក្រុមអ្នកវិទ្យា សាស្ត្រប្រទេសអាហ្វ្រិកខាងត្បូង ហើយភ្លាមៗត្រូវបាន WHO កំណត់ថា ជាវីរុសស្ថិតក្នុងក្តីព្រួយ បារម្ភ។ យ៉ាងណាក៏ដោយ បើយោងតាមរបាយការណ៍ចុងក្រោយ វីរុស Omicron នេះបានបង្ហាញ វត្តមាននៅអឺរ៉ុបតាំងតែពីមុន ការដាក់បម្រាមលើការធ្វើដំណើរ ពីសំណាក់បណ្តាប្រទេសនានា ទៅ លើតំបន់អាហ្វ្រិកខាងត្បូងនោះទៅទៀត។
ជុំវិញការរឹតត្បិតដ៏តានតឹងខាងលើនេះ ប្រមុខ WHO បានឆ្លើយតបយ៉ាងដូច្នេះថា «យើងនៅតែមាន ការខកចិត្ត ដែលប្រទេសមួយចំនួននៅតែបន្តបិទ ជើងហោះហើរត្រង់ពីអាហ្វ្រិកខាងត្បូង ដោយសារ តែវីរុសបំប្លែងថ្មី Omicron នោះ…។ ការគោរព គឺត្រូវបានផ្តល់ចំពោះក្រុមអ្នកជំនាញផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងបណ្តាប្រទេសអាហ្វ្រិក ក៏ដូចជាតម្លាភាព និងការចែករំលែករបស់ពួកគេ រួមទាំង ទិន្នន័យដែលទាក់ទងនឹង Omicron ដែលជាវីរុសនៅក្នុងការព្រួយបារម្ភ។ នេះគឺជាការជួយធានាដល់ពិភពលោក ដែលមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា និងគ្រប់ ទីកន្លែង»៕