កម្ពុជារំពឹងថាមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ នឹងធ្វើឱ្យពិភពលោកស្គាល់ច្បាស់ពីការ អភិវឌ្ឍនៅខេត្តព្រះសីហនុ និងសក្តានុពលដ៏សម្បូណ៌បែបនៃខេត្តជាប់មាត់សមុទ្រមួយនេះ

 (ព្រះសីហនុ)៖ ការធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ លើកទី៧ នៅខេត្ត ព្រះសីហនុ កម្ពុជា មានសុទិដ្ឋិនិយមថា ពលរដ្ឋកម្ពុជា និងពិភពលោកនឹងបានស្គាល់ច្បាស់បន្ថែម ទៀតពីការអភិវឌ្ឍនៅខេត្តព្រះសីហនុ និងសក្តានុពលដ៏សម្បូណ៌បែបនៃខេត្តជាប់មាត់សមុទ្រមួយ នេះ។ ក្នុងក្របខណ្ឌនៃការធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំដំណើរ ទស្សនកិច្ចសារព័ត៌មានចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅលើទឹកដីខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយពីសមិទ្ធផល នានាដែល រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននៅខេត្តជាប់មាត់សមុទ្រមួយនេះ ក៏ដូចជាផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍ ធនធានធម្មជាតិ និងជីវៈ ចម្រុះនៅ តំបន់សមុទ្រ និងចូលរួមយកព័ត៌ មាននៅក្នុងមហាសន្និបាតសមុទ្រ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។

មហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១នេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មី នៃសុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច»។

រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដែលជាប៉ូលសេដ្ឋកិច្ចមួយយ៉ាងសំខាន់របស់កម្ពុជា និងភ្ជាប់កម្ពុជាទៅកាន់ពិភពលោកកាន់តែទូលាយ។ ក្នុងរយៈពេលចុងក្រោយនេះ ខេត្តព្រះសីហនុបានប្រែមុខមាត់ជាច្រើនដោយប្រែក្លាយពីខេត្តដែល ស្ងៀមស្ងាត់ទៅជាខេត្តដែលមានសកម្មភាពមមាញឹក និងរស់រវើកលើវិស័យទេសចរណ៍ សេដ្ឋកិច្ច និងឧស្សាហកម្ម។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានធ្វើឱ្យកម្ពុជា មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំ និងការដឹកនាំមហា សន្និបាតអន្តរជាតិ និងបានឃើញពីវឌ្ឍនភាព ព្រមទាំងសមិទ្ធផលនៃការអភិវឌ្ឍនិងការអភិវឌ្ឍ តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា បង្ហាញពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ជាពិសេសខេត្តព្រះសីហនុដែល រាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង។

ឯកឧត្តម បានគូសបញ្ជាក់ថា ៖ «ក្នុងរយៈពេលចុងក្រោយនេះ ខេត្តព្រះសីហនុ បានប្រែមុខមាត់ជា ច្រើនដោយប្រែក្លាយពីខេត្តដែលស្ងៀមស្ងាត់ទៅជាខេត្តដែលមានសកម្មភាពមមាញឹក និងរស់រវើកលើ វិស័យទេសចរណ៍ សេដ្ឋកិច្ច និងឧស្សាហកម្ម»

បើតាម ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា សម្រាប់បច្ចុប្បបន្ននេះ ខេត្តព្រះ សីហនុ មានសន្តិសុខ សណ្តាប់រៀបរយយ៉ាងល្អប្រសើរ រដ្ឋបាលខេត្តបានគាំទ្រដល់ដំណើរការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់បានសមស្រប យើងក៏បានចូលរួមធ្វើការកែលម្អនូវការគ្រប់ គ្រងទឹកសំអុយ កាកសំណល់នានា នៅតាមបណ្តោយឆ្នេរសមុទ្រ។

បន្ថែមពីនេះក្នុងនាមរដ្ឋបាលខេត្តឯកឧត្តម បានបង្ហាញពីមោទនភាពដែលរដ្ឋាភិបាលបានជ្រើសរើស ខេត្តព្រះសីហនុ សម្រាប់ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសមុទ្រ អាស៊ីបូព៌ា ឆ្នាំ២០២១ ខណៈរដ្ឋ បាល ខេត្តបានត្រៀមខ្លួនរួចជាស្រេចក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ៕