លោក ពូទីន ទុកពេលឲ្យរដ្ឋាភិបាលមួយសប្តាហ៍ ដើម្បីរៀបចំផែនការសកម្មភាពទប់ស្កាត់វីរុស បំប្លែងខ្លួនថ្មី Omicron


 (មូស្គូ)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រាប់អោយដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យរដ្ឋា ភិបាលរៀបចំផែនការសកម្មភាព មួយក្នុងសប្តាហ៍ក្រោយ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron។

លោកពូទីនបាននិយាយថា វាគឺមានសារៈសំខាន់ណាស់ ក្នុងការថែរក្សាការផ្គត់ផ្គង់ថ្នាំសម្កូវ អុកស៊ីហ្សែន និងគ្រែមន្ទីរពេទ្យ។

លោកបានប្រាប់វេទិកាវិនិយោគមួយនៅថ្ងៃអង្គារនេះថា «ជាដំបូង វាចាំបាច់ក្នុងការត្រួតពិនិត្យជាបន្ត បន្ទាប់នូវប្រសិទ្ធភាពនៃការធ្វើតេស្ត និងវ៉ាក់សាំង ហើយប្រើក្បួនដោះស្រាយបញ្ហាច្បាស់លាស់ ដើម្បី កាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩»

សូមបញ្ជាក់ថា មុនពេលការលេចឡើងនៃវីរុស Omicron ប្រទេសរុស្ស៊ីបានទទួលរងនូវខែដ៏សាហាវ បំផុតនៃស្ថានភាពកូវីដ១៩ នៅក្នុងខែតុលា ហើយត្រូវបានបង្ខំឱ្យអនុវត្តការបិទកន្លែងធ្វើការរយៈ ពេលមួយសប្តាហ៍ទូទាំងប្រទេសកាលពីដើមខែវិច្ឆិកា៕