(ហ្សឺណែវ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១ អោយដឹងថា អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានសម្តែងការព្រួយ បារម្ភ នៅថ្ងៃអង្គារសប្តាហ៍នេះ ស្របពេលប្រទេសមួយចំនួន កំពុងដាក់ចេញនូវវិធានការបិទខ្ទប់ ប្រឆាំងនឹងមេរោគបំប្លែងថ្មី អូមីក្រុង (Omicron) យ៉ាងតឹងរ៉ឹង ដោយលោកផ្ទាល់បានយល់ឃើញ ថា «មិនទាន់មានភស្តុតាងត្រឹមត្រូវ ឬភាពគួរឲ្យជឿទុកចិត្តណាមួយ» អំពីឥទ្ធិពលនៃមេរោគបំប្លែង ថ្មីនេះ ថាពិតជាអាចបង្កការចម្លងយ៉ាងលឿនរហ័ស នៅតំបន់អាហ្វ្រិកខាងត្បូងនោះនៅឡើយទេ។
អគ្គនាយក WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) នៅក្នុង សុន្ទរកថាទៅកាន់ប្រទេសសមាជិកទាំង ១៩៤ របស់ WHO បានជំរុញឱ្យពួកគេចាត់វិធានការទប់ ស្កាត់នានា ដោយ «សមហេតុផល» អនុលោមតាមបទប្បញ្ញត្តិរបស់អង្គការនេះ តាំងតែពីឆ្នាំ ២០០៥។ លោក ថេដ្រូស អាដាណម បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងនៅតែមើលឃើញសំនួរ ច្រើនជាងចម្លើយនៅឡើយ ពាក់ព័ន្ធនឹងវីរុសបំប្លែងថ្មី Omicron ដូចជាការចម្លង, ភាពធ្ងន់ធ្ងរនៃជំងឺ និងប្រសិទ្ធភាពនៃការធ្វើតេស្ត, ការព្យាបាល និងវ៉ាក់សាំងជាដើម»។
លោក ថេដ្រូស អាដាណម ក៏បានថ្លែងអំណរគុណចំពោះ ប្រទេសអាហ្វ្រិកខាងត្បូង និង បុតស្វាណា ផងដែរ ដែលបានរកឃើញមេរោគបំប្លែងថ្មី Omicron ហើយរាយការណ៍អំពីវា បានយ៉ាងឆាប់ រហ័ស។ លោកប្រធានក៏កំពុងព្រួយបារម្ភផងដែរថា ប្រទេសអាហ្វ្រិកខាងត្បូងទាំងនេះ កំពុងតែ ទទួលរងការពិន័យ (វិធានការផ្អាកការធ្វើដំណើរ ពីសំណាក់ប្រទេសផ្សេងៗ) បន្ទាប់ពីពួកគេបានធ្វើ រឿងដ៏ត្រឹមត្រូវ៕