ក្រសួងសេដ្ឋកិច្ច គ្រោងដាក់ដំណើរការកម្មវិធីថ្នាក់ជាតិ ស្តីពីធុរកិច្ចថ្មីកម្ពុជា នៅសប្តាហ៍ក្រោយ


 (ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដាក់ដំណើរការជាផ្លូវការនូវ កម្មវិធីថ្នាក់ជាតិស្តីពី  «ធុរកិច្ចថ្មីកម្ពុជា» ដែលនឹងត្រូវប្រព្រឹត្តទៅនៅ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ដើម្បីគាំទ្រប្រព័ន្ធអេកូឡូ ស៊ីសហគ្រិនភាព និងធុរកិច្ចថ្មី តាមរយៈការពង្រឹងសហគ្រិនភាព និងការជំរុញធុរកិច្ចថ្មី ទាំងផ្នែក សមត្ថភាព និងធនធានហិរញ្ញវត្ថុ។

ពិធីនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ស្ថានទូត សមាគម អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សា វិស័យឯកជន ស្ថាប័នបណ្ដុះ និង ពន្លឿនអាជីវកម្ម បណ្ដាញវិនិយោគិន និងធុរកិច្ចថ្មីផងដែរ។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច បានលើកឡើងថា «ការអភិវឌ្ឍធុរកិច្ចឌីជីថល គឺជាសរសរស្តម្ភមួយ ក្នុងការកសាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដោយផ្តោតលើការគាំទ្រប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងធុរកិច្ចថ្មី តាមរយៈការ ពង្រឹងសហគ្រិនភាព និងការជំរុញធុរកិច្ចថ្មី ទាំងផ្នែកសមត្ថភាពនិងធនធានហិរញ្ញវត្ថុ។ តាមទិសដៅនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដាក់ចេញនូវ ការអនុវត្តកម្មវិធីថ្នាក់ជាតិស្តីពី “ធុរកិច្ចថ្មីកម្ពុជា” ក្រោមការសម្របសម្រួលពីសំណាក់ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងសហគ្រិនខ្មែរ»

ការរៀបចំកម្មវិធីថ្នាក់ជាតិនេះ មានគោលបំណងធំៗចំនួន៤រួមមាន៖ (១) ភ្ជាប់តួអង្គទាំងអស់ក្នុង ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងពង្រឹងកិច្ចសហការរវាងគ្នា និងគ្នាតាមរយៈកម្មវិធីបែបសហគមន៍ និងថ្នាលឌីជីថល (២) សហការពង្រឹងសហគ្រិនភាព និងបណ្តុះធុរកិច្ចថ្មីដោយបំពេញមុខងារ គាំទ្រឱ្យគ្នាទៅវិញទៅមក រវាងតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីតាមយន្តការសហបង្កើតថ្មី (៣) ផ្តល់ព័ត៌ មានបែបវិទ្យាសាស្ត្រគ្រប់ជ្រុង ជ្រោយទាក់ទងនឹងសហគ្រិនភាព ធុរកិច្ចថ្មី និងប្រព័ន្ធអេកូឡូស៊ី ធុរកិច្ចថ្មី ទាំងមូលតាមថ្នាលឌីជីថល និង (៤) ជាវេទិកាជាតិមួយ ក្នុងការថ្ពក់ទៅនឹងកម្មវិធីស្រដៀង គ្នា របស់បណ្តាប្រទេសនានា។

សូមសាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ អាចតាមដានការផ្សាយផ្ទាល់ ពិធីដាក់ដំណើរការជាផ្លូវការនូវ កម្មវិធីថ្នាក់ជាតិស្តីពី «ធុរកិច្ចថ្មីកម្ពុជា» នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៩៖០០ព្រឹក លើទំព័រហ្វេសប៊ុក របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរបស់ក្រសួង-ស្ថាប័នដៃគូបាន៕