(ត្បូងឃ្មុំ)៖ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋ មន្ដ្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឆ្លាតវៃ និង អភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន» នៅខេត្តត្បូងឃ្មុំ បានជំរុញឲ្យពង្រឹងមន្ដ្រីអ្នកនាំពាក្យតាម បណ្ដាស្ថាប័ន ពិសេសរដ្ឋបាលថ្នាក់ខេត្ត ដើម្បីឆ្លើយតបព័ត៌មានបានទាន់ពេលវេលា ជាមួយបណ្ដា សារព័ត៌មានផ្សេងៗ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការិយាល័យអ្នកនាំពាក្យ និង ការិយាល័យព័ត៌មាន ទុកដើម្បីជាការឆ្លើយតបឲ្យថ្នាក់ដឹកនាំ ជាអភិបាលខេត្ត រាជធានី មេបញ្ជាការ ស្នងការ ព្រោះថ្នាក់ដឹកនាំមានការងារជាច្រើនដែលត្រូវធ្វើ តែអាចនិយាយតែរឿងណាដែលសំខាន់ និងចាំបាច់បន្ទាន់ម្តង ម្កាលតែប៉ុណ្ណោះ។
ឯកឧត្តម រដ្ឋមន្ដ្រីបានលើកឡើងថា ដូច្នេះអ្វីដែលជា ប្រសិទ្ធភាពសម្រាប់ការិយាល័យព័ត៌មាន និង អ្នកនាំពាក្យ គឺពាក់ព័ន្ធទៅនឹងវិជ្ជា បុគ្គល ដែលត្រូវទំនាក់ទំនងជាមួយគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដោយក្នុងនោះ គឺជ្រើសរើសយក អភិបាលរង ខេត្ត រាជធានី ម្នាក់ដែលអាចជួបជាប្រចាំជាមួយ អភិបាលខេត្ត រាជធានី និងយកមន្រ្តី សាលាខេត្ត ម្នាក់ទៀត ព្រោះរាល់ឯកសារទាំងអស់ត្រូវចូល តាមជ្រកចេញចូលតែមួយ។ ទន្ទឹមនេះ ក៏ត្រូវមានមន្រ្តី នៃមន្ទីរព័ត៌មាន ម្នាក់ទៀតចូលរួមក្នុងកិច្ចការ ងារការិយាល័យព័ត៌មាន និងអ្នកនាំពាក្យ ព្រោះអាចក្តាប់បាននូវចំនួនអ្នកសារព័ត៌មានក្នុងខេត្ត ក្រុង របស់ខ្លួនដឹងពីការងារ ធ្វើជាសេចក្តីថ្លែងការណ៍ ហើយបញ្ជូនទៅផ្សាយនៅប្រព័ន្ធផ្សព្វផ្សាយ ណាខ្លះ បានទាន់ពេលវេលា។ ដូច្នេះ មន្រ្តីព័ត៌មាន ត្រូវយល់ឲ្យច្បាស់ពីពាក្យស្លោក របស់ក្រសួងព័ត៌មាន គឺប្លែក លឿន ទុកចិត្តបាន ទីណា ពេលណាក៏បាន។
ឯកឧត្តម រដ្ឋមន្ដ្រី បន្ថែមថា មន្ត្រីព័ត៌មាន ត្រូវតែនិយាយតែពាក្យពិត កុំកុហកឲ្យសោះ បើមិនដូច្នេះ ទេ នឹងបាត់ជំនឿទុកចិត្ត ជាក់ជាមិនខាន។ លោករដ្ឋមន្ដ្រី បានលើកឡើងថា នៅក្នុងសម័យនេះ ដើម្បីគ្រប់គ្រងអំណាចបាន គឺត្រូវចែងចែកព័ត៌មានឲ្យបានរហ័ស ហើយត្រូវក្តាប់ព័ត៌មានឲ្យបាន គ្រប់ទាំងអស់។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានជំរុញដល់មន្រ្តី គ្រប់ ផ្នែកត្រូវពង្រឹងសាម គ្គីភាពផ្ទៃក្នុងឲ្យបានល្អ មានកិច្ចសហការជាមួយ មន្ទីរជុំវិញខេត្ត ទើបធ្វើឲ្យរាល់ កិច្ច ការងារប្រព្រឹត្តទៅដោយរលូន និងទទួលបានប្រសិទ្ធិភាព និងលទ្ធផលល្អ៕