រសៀលថ្ងៃសុក្រនេះសម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣


 (ភ្នំពេញ)៖ នៅវេលាម៉ោង ៣រសៀលថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នោះ នឹងអញ្ជើញដឹក នាំកិច្ចប្រជុំកំពូលនេះបន្តទៀត។

របៀវារៈកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅថ្ងៃទី២នេះ នឹងពិភាក្សាទៅលើបញ្ហាជំងឺកូវីដ១៩ ការស្តារ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, កិច្ចប្រជុំចង្អៀតពាក់ព័ន្ធនឹងតំបន់អាស៊ី-អឺរ៉ុប ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់, ការអនុម័តឯកសារស្តីពីលទ្ធផលកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣, កម្មវិធីបិទកិច្ច ប្រជុំ និងសន្និសីទព័ត៌មានរួម។

កម្មវិធីបិទកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងសន្និសីទព័ត៌មានរួម នឹងមានការផ្សាយផ្ទាល់ផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ម្សិលមិញនេះ ដោយមានការអញ្ជើញចូលពីពីថ្នាក់ដឹកនាំ ប្រទេសអាស៊ី-អឺរ៉ុប មានប្រធានាធិបតី នាយករដ្ឋមន្ត្រី និងមេដឹកនាំជាន់ខ្ពស់ប្រមាណ ៥១រូប បូករួម ទាំងថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងអគ្គលេខាធិការអាស៊ានផងដែរ។

កិច្ចប្រជុំនៅថ្ងៃម្សិលមិញនេះ មានការថ្លែងចំណាប់អារម្មណ៍បើកកម្មវិធីពីសម្តេចតេជោ ហ៊ុន សែន, ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងជាតំណាងឱ្យប្រទេសសម្របសម្រួលតំបន់អឺរ៉ុប, ប្រធានគណៈកម្មការ អឺរ៉ុប និងតំណាងឱ្យប្រទេសសម្របសម្រួលតំបន់អឺរ៉ុប, នាយករដ្ឋមន្ត្រីប្រទេសរុស្ស៉ី តំណាងឱ្យ ប្រទេសសម្របសម្រួលតំបន់អាស៊ីឦសាន និងអាស៊ីខាងត្បូង, នាយករដ្ឋមន្ត្រីស្លូវេនី ប្រធានប្តូរវេន ក្រុមប្រឹក្សាសហភាពអឺរ៉ុប និងតំណាងឱ្យប្រទេសសម្របសម្រួលតំបន់អឺរ៉ុប និងនាយករដ្ឋមន្ត្រី ថៃផងដែរ។

កិច្ចប្រជុំម្សិលមិញនេះ ក៏មានការឡើងធ្វើសេចក្តីថ្លែងការណ៍ពីតំណាងកិច្ចប្រជុំពាក់ព័ន្ធ ដែលកិច្ច ប្រជុំអមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប។ បន្ទាប់មកកិច្ចប្រជុំ ក៏បើកកិច្ចពិភាក្សាស្តីតួនាទីរបស់អាស៊ី-អឺរ៉ុប ក្នុងការលើកកម្ពស់ពហុភាគីនិយម ដែលជាមូលបទរួម ដោយថ្នាក់ដឹកនាំប្រទេសអាស៊ី-អឺរ៉ុប បាន ថ្លែងបទអន្តរាគមន៍តាមលំដាប់តួអក្សរជាបន្តបន្ទាប់ប្រមាណជា ៣០នាក់។

សម្រាប់កិច្ចប្រជុំថ្ងៃទី១ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានដឹកនាំកិច្ចប្រជុំ បានបង្ហាញ នូវសិដ្ឋិនិយមថា លទ្ធផលកើតចេញពីកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ គឺពិតជាធាតុចូលដ៏មានតម្លៃប្រកបដោយបញ្ញាញាណ សម្រាប់ចូលរួមចំណែកដល់ ការលើកកម្ពស់ពហុភាគីនិយម និងដំណើរការ ASEM។

សម្តេចតេជោ ក៏បានគូសរំលេចដែរថា អង្គប្រជុំ បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះ ពហុភាគីនិយម ដែលជាគ្រឹះនៃសន្តិភាពស្ថិរភាព និងវិបុលសុខសកល។ សម្តេចតេជោបន្ថែមថា ពិតណាស់ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមកនិងការជឿទុកចិត្តគ្នា គឺជា គោលការណ៍នៅផ្លូវសម្រាប់ពហុភាគីនិយម។

បើតាមសម្តេចតេជោ ហ៊ុន សែន អង្គប្រជុំបានប្តេជ្ញាចិត្តលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់ ASEM ក្នុងការជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកល ដែលតំបន់ទាំងពីរកាន់តែត្រូវការ ដើម្បីដោះស្រាយបញ្ហាប្រឈមរួម។

សម្តេចតេជោ ក៏បានគូសរំលេចផងដែរ ពីការលើកឡើងរបស់អង្គប្រជុំពីបញ្ហាប្រឈមនៃជំងឺកូវីដ១៩ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងវិបត្តិសេដ្ឋកិច្ច-សង្គមមិនធ្លាប់មានពីមុនមក។

សម្តេចតេជោ បានគូសបញ្ជាក់ទៅកាន់មេដឹកនាំកំពូលអាស៊ី-អឺរ៉ុបថា ដើម្បីដោះស្រាយបញ្ហាប្រឈម ទាំងអស់នេះ អង្គប្រជុំបានឯកភាពគ្នាថា សាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជំរុញ វ៉ាក់សាំងពហុភាគីនិយម គឺជាកូនសោគន្លឹះ។ ដូច្នេះការការពារសុខភាព និងសន្តិសុខរបស់ប្រជាជន ក៏ដូចជាការលើកកម្ពស់សាមគ្គីភាពរវាងរដ្ឋ និងរដ្ឋ គួរតែជាអាទិភាពរបស់យើង។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបន្តសង្កត់ធ្ងន់ថា ការស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ គឺជាអាទិភាព រួមរបស់អាស៊ី និងអឺរ៉ុប។ ក្នុងន័យនេះ អង្គប្រជុំបានសម្តែងការគាំទ្រចំពោះការពង្រឹងប្រព័ន្ធពាណិជ្ជ កម្មផ្អែកលើវិធានច្បាប់ និងប្តេជ្ញាការពារខ្សែច្រវាក់ផ្គត់ផ្គង់ ដោយរលូន និងគ្មានការរាំងស្ទះ ក៏ដូចជា ជំរុញនូវឌីជីថលូបនីយកម្មនិងពិនិត្យមើលលទ្ធភាពនៃការបើកឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ។

បើយោងទៅតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុ ន សែន អង្គប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅថ្ងៃទី១ ម្សិលមិញនេះ មេដឹកនាំអាស៊ី-អឺរ៉ុប ភាគច្រើនក៏បានប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍបៃតង និងកម្រិត កាបូនទាប ដើម្បីរក្សាកម្រិតការកើនឡើងកម្តៅផែនដីមិនឱ្យលើសពី ១.៥ អង្សាសេ ស្របតាមកិច្ច ព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ។

ដើម្បីដោះស្រាយបញ្ហានេះ សម្តេចតេជោ បានទាញចំណាប់អារម្មណ៍អង្គប្រជុំថា ការផ្ដល់ជំនួយ បច្ចេកទេស និងហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍ ត្រូវតែជាអាទិភាពមួយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា អង្គប្រជុំ ក៏បានឯកភាពគ្នាថា រយៈពេល ២៥ឆ្នាំ កន្លងទៅនេះ បានផ្តល់នូវមូលដ្ឋានរឹងមាំមួយដល់ភាពជាដៃគូអាស៊ី-អឺរ៉ុប ក្នុងការបោះជំហានទៅមុខ ឆ្ពោះទៅរកអនាគតមួយ ដែលភ្លឺថ្លាជាងមុនមានបរិយាប័ន្នជាងមុន និងធន់ជាងមុន៕