(តូក្យូ)៖ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ គឺបានអោយដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានឱ្យដឹងនៅថ្ងៃនេះថា ជាការឆ្លើយតបទៅនឹងសំណើរបស់អាមេរិក រដ្ឋាភិបាលរបស់ លោកនឹងបញ្ចេញប្រេងពីស្តុងបម្រុង ក្នុងរបៀបមួយដែលនឹងមិនរំលោភច្បាប់របស់ជប៉ុន ដែលត្រឹម តែអនុញ្ញាតឱ្យបញ្ចេញប្រេងពីស្តុកក្នុងករណីដែលមានហានិភ័យអាក់ខានការផ្គត់ផ្គង់ប៉ុណ្ណោះ។
លោក Kishida បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «យើងបាននិងកំពុងធ្វើការងារជាមួយសហ រដ្ឋអាមេរិក ដើម្បីរក្សាស្ថិរភាពទីផ្សារប្រេងអន្តរជាតិហើយយើងបានសម្រេចចិត្តចូលរួមជាមួយអាមេរិក ក្នុងការលក់ផ្នែកខ្លះនៃប្រេងបម្រុងថ្នាក់ជាតិរបស់យើងក្នុងរបៀបមួយដែលនឹងមិនផ្ទុយទៅនឹងច្បាប់ប្រេងបម្រុងជាធរមានរបស់ជប៉ុន»។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា លោក Kishida មិនបាននិយាយនោះទេថាតើជប៉ុននឹង បញ្ចេញប្រេងពីស្តុកចំនួនប៉ុន្មាន។ លោកនាយករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា លោក Koichi Hagiuda រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនឹងប្រកាសព័ត៌មានលម្អិតនៅថ្ងៃពុធនេះ ដូចជាបរិមាណដែលត្រូវលក់ ចេញ។នាយករដ្ឋមន្ត្រីជប៉ុនរូបនេះបានបន្ថែមថាលោកនឹងបន្តបញ្ចុះបញ្ចូលប្រទេសផលិតប្រេងនានាឱ្យជួយប្រយុទ្ធប្រឆាំងនឹងកំណើនតម្លៃប្រេងខ្ពស់នេះ។
កាសែត Nikkei បានរាយការណ៍កន្លងមកថា ប្រទេសជប៉ុននឹងដាក់ដេញថ្លៃប្រេងប្រហែល ៤,២ លានបារ៉ែលដែលនឹងត្រូវបានបញ្ចេញពីស្តុកប្រេងជាតិរបស់ជប៉ុនប្រហែលចំនួន ៤៩០លានបារ៉ែល ។ ការដាក់ដេញថ្លៃប្រេងឆៅនេះនឹងធ្វើឡើងនៅចុងឆ្នាំនេះ។
ការអះអាងរបស់លោក Kishida ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសកាលពីថ្ងៃអង្គារថា អាមេរិកនឹងបញ្ចេញស្តុករាប់លានបារ៉ែលពីស្តុកប្រេងយុទ្ធ សាស្រ្តរបស់ខ្លួនដោយមានការសម្របសម្រួលជាមួយប្រទេសចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន និង អង់គ្លេស ដើម្បីព្យាយាមទម្លាក់តម្លៃប្រេងឆៅដែលកំពុងកើនឡើង បន្ទាប់ប្រទេសផលិតប្រេងធំៗ ក្នុងពិភពលោកបានព្រងើយកន្តើយទៅនឹងការអំពាវនាវរបស់លោកឱ្យមានការផ្គង់ផ្គង់ប្រេងឆៅបន្ថែមទៅក្នុងទីផ្សារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕