(ព្រុចសែល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បញ្ជាក់ថា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីសែល (Charles Michel) បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធ សប្ដាហ៍នេះ ស្ដីពីស្ថានការណ៍នៅក្នុងប្រទេសបេឡារុស និងអ៊ុយក្រែន។
នៅក្នុងជំនួបតាមទូរស័ព្ទនោះដែរ លោក Charles Michel បានប្រាប់លោក ពូទីន ត្រង់ៗថាសហ ភាពអឺរ៉ុបកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការបង្កើនសកម្មភាព យោធារបស់រុស្ស៊ី នៅក្បែរ តំបន់ព្រំដែនអ៊ុយក្រែន ហើយការបន្ធួរបន្ថយភាពតានតឹង និងរក្សាស្ថិរភាពគឺជារឿងចាំបាច់បំផុត។ លោក Michel បានឱ្យដឹងពីជំនួបរវាង លោក និងលោក ពូទីន នៅក្នុងសារមួយបង្ហោះលើ Twitter ជាមួយការបញ្ជាក់បន្ថែមទៀតថាលោកក៏បានរំឮកលោកពូទីនផងដែរពីទំនួលខុសត្រូវរបស់រុស្ស៊ីចំពោះការ ផ្សះផ្សាជម្លោះនៅក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន៕