(បាត់ដំបង)៖ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន, ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរ មីន បានដឹកនាំម្ចាស់ជំនួយចុះពិនិត្យលទ្ធផលបោស សម្អាតមីន និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាអ្នកទទួលផល នៅភូមិគោករកា ឃុំ ដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្រោមជំនួយមនុស្សធម៌ នៃគម្រោងបោសសម្អាតមីន ដើម្បី លទ្ធផលដំណាក់កាលទី៤។
ដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពី លោក សុខ លូ អភិបាលខេត្តបាត់ដំបង លោកស្រី Sonali Dayaratne តំណាង UNDP ប្រចាំនៅកម្ពុជា លោក Andreas Zurbrugg តំណាងស្ថាន ទូតអូស្ត្រាលី ប្រចាំកម្ពុជា លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងថ្នាក់ដឹកនាំអាជ្ញាធរមីន ជាច្រើនរូប នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ។
នាឱកាសនោះដែរ ទេសរដ្ឋមន្រ្តី បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់ សម្ដេចតេជោ មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបានប្រែ ក្លាយតំបន់អតីតសមរភូមិមានមីន ទៅជាតំបន់ដែលមានសុខសុវត្ថិភាព ក្នុងនោះការងារបោស សម្អាតមីន ត្រូវបានចាត់ទុកជាកម្លាំងចលករមួយយ៉ាងសំខាន់នាំមកនូវកិច្ចគាំពារសន្តិភាព និងគាំទ្រ ដល់ការអភិវឌ្ឍជូនប្រជាជន និងប្រទេសជាតិ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ រដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្ត្រាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ និងអង្គការ UNDP ដែលបានចូលរួមគាំទ្រដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈការអនុវត្ត គម្រោង បោសសម្អាតមីនដើម្បីលទ្ធផលក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន ការជួយសង្រ្គោះជីវិតប្រជាជន និងផ្តល់ដីមានសុវត្ថិភាព។
លោក Andreas Zurbrugg តំណាងស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាល អូស្ត្រាលី បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ចាប់តាំង ពី១៩៩៣ នូវទឹកប្រាក់ប្រមាណជាង ១០០ដុល្លារអូស្ត្រាលី។ លោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលវិស័យមីនកម្ពុជា ព្រមទាំងបានកោតសរសើរចំពោះកិច្ច ប្រតិបត្តិការបោសសម្អាតមីន ពោរពេញដោយបទពិសោធន៍ខ្ពស់៕